Khmer suport khmer cc time

គម្រោងព្រលានយន្តហោះខ្នាតយក្សរបស់វៀតណាម Long Thanh ប្រកាសពន្យាពេលបញ្ចប់គម្រោងដោយសារបញ្ហាដឹកជញ្ជូនសម្ភារៈ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ សាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានពន្យារពេលកំណត់នៃការបញ្ចប់ដំណាក់កាលទី១ នៃគម្រោងព្រលានយន្តហោះខ្នាតយក្សរបស់វៀតណាម Long Thanh ទៅដល់ឆ្នាំ២០២៧ ឬ ២០២៨វិញ ក្រោមហេតុផលថា មិនអាចបញ្ចប់ទាន់ពេលវេលាក្នុងឆ្នាំ២០២៦នេះ។បច្ចុប្បន្ន គម្រោងនេះសាងសង់សម្រេចបាន ៨៨.៦% ហើយ ខណៈការបើកផ្តល់ថវិកាសម្រេចបាន ៥៧% នៃតម្លៃកិច្ចសន្យា ប៉ុន្តែគម្រោងធំៗដូចជា ស្ថានីយអ្នកដំណើរ ស្ថានីយដឹកទំនិញទី១ ចំណតរថយន្ត និងប្រព័ន្ធគ្រប់គ្រងអាកាសយានដ្ឋាន ត្រូវពន្យារពេលបញ្ចប់រហូតដល់ខែមិថុនា ឆ្នាំ២០២៧។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។

ឧបសគ្គចម្បងៗដែលរារាំងដល់ការត្រួតពិនិត្យទទួលស្គាល់សំណង់ រួមមានការប្រើប្រាស់សម្ភារៈ និងបរិក្ខារខុសពីលក្ខខណ្ឌកិច្ចសន្យា ការសាងសង់ខុសពីប្លង់បច្ចេកទេសដែលបានអនុម័ត និងការសាងសង់មុនការអនុម័តប្លង់ជាផ្លូវការ ដែលផ្ទុយពីផែនការកាលពីចុងខែតុលា ដែលរំពឹងថានឹងបើកដំណើរការនៅថ្ងៃទី២៤ ខែធ្នូ។

ក្រុមការងារបច្ចេកទេសអាកាសយានដ្ឋាន រាយការណ៍ជូនរដ្ឋាភិបាល និងក្រសួងសំណង់វៀតណាម ក្នុងរយៈពេលមួយសប្តាហ៍ ដើម្បីពិចារណាកែសម្រួលគោលនយោបាយវិនិយោគមុនថ្ងៃទី១០ ខែធ្នូ ព្រមទាំងជំរុញឱ្យចាត់វិធានការម៉ឺងម៉ាត់ចំពោះអ្នកម៉ៅការយឺតយ៉ាវ និង ត្រូវធានាឱ្យបាននូវសុវត្ថិភាពខ្ពស់បំផុតមុនពេលបើកដំណើរការ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ Long Thanh កំពុងសាងសង់លើផ្ទៃដីប្រមាណ ៥,០០០ ហិកតា ក្នុងខេត្ត Dong Nai ចម្ងាយ ៤០ គីឡូម៉ែត្រភាគខាងកើតអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ក្នុងទីក្រុងហូជីមិញ។ គម្រោងដែលមានតម្លៃជិត ១៦ ពាន់លានដុល្លារអាម៉េរិកនេះ ត្រូវបានអភិវឌ្ឍជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១ ត្រូវបានរចនាឡើងដើម្បីទទួលអ្នកដំណើរ ២៥ លាននាក់ និងទំនិញ ១.២ លានតោនក្នុងមួយឆ្នាំ៕

Khcct banner

អត្ថបទទាក់ទង