Khmer suport khmer cc time

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ថាធ្លាប់បានជួប និងរងការវាយប្រហារពីក្រុម «អារក្ស»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បុរីវ៉ាទីកង់៖ សៀវភៅកំណត់ហេតុផ្ទាល់ខ្លួនកម្រាស់ ១៦០ ទំព័រ ដែលមានចំណងជើងថា កំណត់ហេតុផ្ទាល់ខ្លួនរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ (The Private Diary of Pope Francis) ត្រូវបានបោះពុម្ពផ្សាយជាផ្លូវការកាលពីថ្ងៃអង្គារ ដោយបង្ហាញពីការរៀបរាប់ដ៏គួរឱ្យភ្ញាក់ផ្អើលអំពីការជួបប្រទះ «អារក្ស» ការមើលឃើញឆ្លងកាត់ទ្វារនរក និងការតស៊ូខាងវិញ្ញាណរបស់សម្តេចប៉ាបអង្គមុន ដែលបានសោយទិវង្គតក្នុងព្រះជន្ម ៨៨ វស្សា។

សៀវភៅដែលប្រមូលផ្តុំដោយព្រះជេដ្ឋក (Cardinal) Víctor Fernández ពីកំណត់ត្រាដែលសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ (កាលពីមុនមានឈ្មោះថា Jorge Mario Bergoglio) បានកត់ត្រាទុកចាប់ពីឆ្នាំ ១៩៩២ ដល់ខែសីហា ឆ្នាំ ២០២៤ បានរៀបរាប់ថា ទ្រង់ធ្លាប់ជួបជាមួយអារក្សចំនួន ៣ លើក និងជួបប្រទះការវាយប្រហារពីអារក្សជាញឹកញាប់។ ក្នុងចំណោមនោះ ២ លើកកើតឡើងនៅពេលទ្រង់បំពេញតួនាទីជាអាចារ្យធំ (Archbishop) នៅទីក្រុងប៊ូអេណូស អៃរ៉េស (Buenos Aires) ហើយលើកទី ៣ កើតឡើងនៅពេលធ្វើដំណើរត្រឡប់មកទីក្រុងរ៉ូមវិញ ក្រោយទស្សនកិច្ចនៅប្រទេសឈីលីឆ្នាំ ២០១៨ ដែលពោរពេញដោយការចោទប្រកាន់ជុំវិញករណីរំលោភបំពានផ្លូវភេទដោយបព្វជិត។

សម្តេចប៉ាបបានសរសេរថា អារក្សមាន ភ្នែកដូចជាភ្លើង ដែលទាក់ទាញ និង គួរឱ្យខ្លាច ព្រមទាំងមានសំឡេង ស្អក ដូចជាអ្នកឈ្នះ និងគ្រប់គ្រងអ្វីៗទាំងអស់ ដូចដែលទ្រង់បានកត់ត្រាក្នុងកិច្ចប្រជុំមួយនៅទីក្រុងរ៉ូមកាលពីខែមករា ឆ្នាំ ២០២១ មុនពេលព្រះអម្ចាស់ប្រទានឱកាសឱ្យទ្រង់ចាកចេញ។ នៅក្នុងកំណត់ហេតុឆ្នាំ ២០១៨ ទ្រង់ក៏បានរៀបរាប់ថា ទ្រង់បានឃើញទស្សនីយភាពនៃច្រកចូលទៅកាន់នរកមុនពេលចូលគេង ដែលធ្វើឱ្យទ្រង់ភ័យខ្លាចយ៉ាងខ្លាំង ហើយបានចាប់យកខ្សែអង្គុលីសូត្រ (Rosary) ទុកជាអាវុធការពារខ្លួន។

អ្នកវិភាគកិច្ចការវ៉ាទីកង់ លោក Robert Mickens និងអ្នកសរសេរជីវប្រវត្តិ លោក Austen Ivereigh បានកត់សម្គាល់ថា សម្រាប់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ អំពើអាក្រក់ និងអារក្ស គឺជាវត្តមានជាក់ស្តែង និងមានអត្ថិភាពពិតប្រាកដ ដែលឆ្លុះបញ្ចាំងពីទស្សនៈបែបបុរាណជ្រៅជ្រះរបស់ទ្រង់ក្នុងសាសនាកាតូលិក។

ក្រៅពីរឿងរ៉ាវខាងវិញ្ញាណ កំណត់ហេតុនេះក៏បានបង្ហាញថា ទ្រង់បានឆ្លងកាត់វិបត្តិខាងវិញ្ញាណរយៈពេល ២ ឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ ដោយប្រឆាំងនឹងការល្បួងប្រើប្រាស់អំណាចផ្តាច់ការតែងតាំង ឬបណ្តេញមន្ត្រីតាមចិត្តចង់ និងរក្សាភាពរាបទាប ដូចជាការបដិសេធមិនស្លៀកសម្លៀកបំពាក់ប្រណិត និងការស្នាក់នៅផ្ទះសំណាក់របស់បុរីវ៉ាទីកង់។ កំណត់ហេតុនេះក៏បានកត់ត្រាអំពីការជាប់ឆ្នោតជាសម្តេចប៉ាបនៅថ្ងៃទី ១៣ ខែមីនា (បន្តពីសម្តេចប៉ាប Benedict XVI) ព្រមទាំងបានលើកសរសើរលោក Robert Prevost (ដែលបានក្លាយជាសម្តេចប៉ាប Leo XIV) ថាជា គ្រូគង្វាលដ៏អស្ចារ្យ អ្នកផ្សព្វផ្សាយសាសនាដ៏សប្បុរស និងជាបុរសដែលមិនអាចស្តីបន្ទោសបាន៕

Khcct banner

អត្ថបទទាក់ទង