Khmer suport khmer cc time

ថៅកែក្រុមហ៊ុន NVIDIA ត្រឡប់ចូលកាន់តំណែងចាស់វិញ ក្រោយត្រាំតេទៅក្រុមប្រឹក្សាផ្ទាល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia បានប្រកាសដោយភ្ញាក់ផ្អើលកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ ថា លោក Jensen Huang ដែលជាស្ថាបនិកក្រុមហ៊ុន នឹងវិលត្រឡប់មកកាន់តំណែងជាប្រធានក្រុមហ៊ុន នាយកប្រតិបត្តិ (CEO) និងជាសមាជិកក្រុមប្រឹក្សាភិបាលវិញ ក្រោយពីមានការធ្វើអន្តរាគមន៍យ៉ាងសកម្មពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ អនុប្រធានាធិបតី លោក JD Vance និងបុគ្គលមានឥទ្ធិពលជាច្រើននៅតំបន់ Silicon Valley (មជ្ឈមណ្ឌលបច្ចេកវិទ្យា និងនវានុវត្តន៍សកលមួយ នៅតំបន់ភាគខាងត្បូងនៃតំបន់ឈូងសមុទ្រសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco Bay Area) ក្នុងរដ្ឋកាលីហ្វ័រញ៉ា)។

យោងតាមការរាយការណ៍របស់សារព័ត៌មាន Financial Times, Wall Street Journal និង Semafor ការវិលត្រឡប់មកវិញនេះបានកើតឡើងបន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia នៅលើទីផ្សារភាគហ៊ុនញូវយ៉កបានដាំក្បាលចុះជាង ១៤% កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ដោយសារភាពចម្រូងចម្រាសពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោក Huang មានទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី Alice Huang ដែលត្រូវបានគេសង្ស័យថាជាចារនារបស់ប្រទេសចិន និងធ្លាប់ធ្វើការនៅក្រុមហ៊ុន Megaspeed។ ភាពវឹកវរនេះធ្លាប់បានធ្វើឱ្យក្រុមប្រឹក្សាភិបាល Nvidia ពិចារណាស្វែងរកបេក្ខជនជំនួស រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុន ARM លោក René Haas ជាដើម។

ដើម្បីទប់ស្កាត់ការរង្គោះរង្គើដល់ទីផ្សារ និងវិស័យបញ្ញាសិប្បនិម្មិត (AI) ទាំងមូល លោកប្រធានាធិបតី ត្រាំ បានលើកឡើងថា «ទីផ្សារត្រូវការឱ្យលោក Jensen Huang ត្រឡប់មកវិញ» និងបានចាត់តាំងលោក JD Vance ឱ្យទាក់ទងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ហើយលោក Todd Blanche ជំនួយការជិតស្និទ្ធរបស់លោក ត្រាំ បានបញ្ជាក់ជូនសេតវិមានថា ក្រសួងយុត្តិធម៌អាម៉េរិកពុំបានរកឃើញភស្តុតាងណាមួយដែលបង្ហាញថា លោក Huang បានបំពានច្បាប់ ឬបង្កហានិភ័យដល់សន្តិសុខជាតិនោះទេ ហើយលោកក៏មិនស្ថិតក្រោមការស៊ើបអង្កេតណាមួយដែរ។

គួររម្លឹកថាកាលពីថ្ងៃទី ២២ ខែវិច្ឆិកា លោក ត្រាំ បានទូរស័ព្ទចូលរួមក្នុងកិច្ចប្រជុំដ៏វែងអន្លាយរបស់ក្រុមប្រឹក្សាភិបាល Nvidia ដោយផ្ទាល់ ដើម្បីបញ្ចុះបញ្ចូលសមាជិកក្រុមប្រឹក្សា និងអះអាងថាការវិលត្រឡប់របស់លោក Huang មិនបង្កការគំរាមកំហែងដល់សន្តិសុខជាតិឡើយ បន្ទាប់ពីលោក Huang បានបកស្រាយយ៉ាងច្បាស់លាស់អំពីជំហររបស់លោកលើការគ្រប់គ្រងការនាំចេញបន្ទះឈីប (semiconductors) របស់អាម៉េរិក។ អ្នកនាំពាក្យសេតវិមាន លោក Steven Cheung បានកោតសរសើរចំពោះការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល និងបានបញ្ជាក់ពីការចូលរួមយ៉ាងពេញទំហឹងរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការនាំយកស្ថាបនិកក្រុមហ៊ុន Nvidia រូបនេះត្រឡប់មកដឹកនាំក្រុមហ៊ុនវិញ៕

Khcct banner

អត្ថបទទាក់ទង