Khmer suport khmer cc time

ហ្គេម Grand Theft Auto 6 បំបែកកំណត់ត្រាពិភពលោក រកចំណូលបាន ៣,៨ ពាន់លានដុល្លារក្នុងថ្ងៃដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ញូវយ៉ក៖ ហ្គេមវីដេអូដ៏ល្បីល្បាញ Grand Theft Auto 6 (GTA 6) បានបង្កើតកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រនៅក្នុងវិស័យកម្សាន្តពិភពលោក ដោយរកចំណូលពីការលក់រាយបានរហូតដល់ ៣,៨ ពាន់លានដុល្លារអាម៉េរិក (ប្រមាណ ២,៩ ពាន់លានផោន) ក្នុងរយៈពេលត្រឹមតែមួយថ្ងៃដំបូងនៃការចេញផ្សាយជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦។

យោងតាមក្រុមហ៊ុន Take-Two Interactive ដែលជាក្រុមហ៊ុនមេរបស់ស្ទូឌីយោផលិតហ្គេម Rockstar Games បានបញ្ជាក់កាលពីថ្ងៃសុក្រថា តួលេខដ៏មហាសាលនេះបានធ្វើឱ្យ GTA 6 ក្លាយជាការបើកដំណើរការកម្មវិធីកម្សាន្តដ៏ធំបំផុតគ្រប់មជ្ឈដ្ឋានក្នុងប្រវត្តិសាស្ត្រ ដោយមានការបញ្ជាទិញទុកមុនរហូតដល់ ៣២,៥ លានឌីសហ្គេម។ តួលេខរកចំណូលត្រឹមតែមួយថ្ងៃនេះ បានវ៉ាដាច់ប្រាក់ចំណូលសរុបរបស់ភាពយន្តខ្នាតធំដែលរកចំណូលបានខ្ពស់បំផុតប្រចាំឆ្នាំនេះ គឺរឿង Spider-Man: Brand New Day ដែលរកបាន ២,៥ ពាន់លានដុល្លារក្នុងរោងកុនទាំងមូល ព្រមទាំងបានបំបែកកំណត់ត្រាចាស់របស់ហ្គេម GTA 5 កាលពី ១៣ ឆ្នាំមុន ដែលរកបាន ១,១៥ ពាន់លានដុល្លារក្នុងរយៈពេល ៥ ថ្ងៃដំបូង។

ការដាក់ឱ្យទាញយក ហ្គេមទំហំ 212GB នៅពាក់កណ្តាលអធ្រាត្រ បានបង្កឱ្យមានការកើនឡើងយ៉ាងគំហុកនៃចរាចរណ៍អ៊ីនធឺណិតទូទាំងពិភពលោក។ ក្រុមហ៊ុន Cloudflare បានរាយការណ៍ថា ចរាចរណ៍ទាញយកនៅប្រទេសនូវែលសេឡង់បានកើនឡើង ១៤,៨ ដង នៅអូស្ត្រាលីកើនឡើង ១១,២ ដង នៅឆ្នេរខាងកើតសហរដ្ឋអាម៉េរិក ៩,៣ ដង និងនៅចក្រភពអង់គ្លេស ៨,៦ ដង ខណៈអ្នកគាំទ្រជាច្រើនបានសុខចិត្តអត់ងងុយពេញមួយយប់ និងសុំច្បាប់ឈប់សម្រាកពីការងារដើម្បីលេងហ្គេមនេះ។

GTA 6 ដែលត្រូវបានប៉ាន់ប្រមាណថាបានចំណាយទុនផលិតអស់ជាង ១ ពាន់លានដុល្លារ (ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រហ្គេម) នាំអ្នកលេងទៅកាន់ទីក្រុង Leonida ដែលយកលំនាំតាមរដ្ឋផ្លរីដា ជាមួយតួអង្គឯកថ្មីមួយគូគឺ Lucia និង Jason។ ក្រុមហ៊ុនស្រាវជ្រាវ Sensor Tower បានឱ្យដឹងថា ប្រមាណ ៣ ភាគ ៤ នៃការលក់គឺនៅលើម៉ាស៊ីន PlayStation 5 និងនៅសល់គឺនៅលើ Xbox ខណៈស្ទូឌីយោ Rockstar មិនទាន់ប្រកាសកាលបរិច្ឆេទចេញផ្សាយសម្រាប់កុំព្យូទ័រ (PC) ឬមុខងារលេងអនឡាញច្រើននាក់ (Multiplayer) នៅឡើយទេ៕

Khcct banner

អត្ថបទទាក់ទង