ម៉ានីល៖ អ្នកដំណើរ និងបុគ្គលិកបម្រើការលើយន្តហោះសរុបចំនួន ១៤៦ នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Air Niugini បានរួចផុតពីគ្រោះថ្នាក់ដោយសុវត្ថិភាពទាំងអស់ បន្ទាប់ពីយន្តហោះប្រភេទ Boeing 767-383ER បានបង្ខំចិត្តចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Davao ភាគខាងត្បូងប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយសារសង្ស័យថាមានការឆេះម៉ាស៊ីន។
យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសហ្វីលីពីន យន្តហោះខាងលើកំពុងធ្វើដំណើរចេញពីទីក្រុងហុងកុង ឆ្ពោះទៅកាន់ប្រទេសប៉ាពូអាស៊ីនូវែលគីណេ (Papua New Guinea) ប៉ុន្តែនៅពេលបន្តិចក្រោយពាក់កណ្តាលអធ្រាត្រ ក្រុមអ្នកបើកបរបានរកឃើញសញ្ញាបង្ហាញពីលទ្ធភាពនៃការមានផ្កាភ្លើង ឬអគ្គិភ័យនៅក្នុងម៉ាស៊ីនខាងស្តាំ។ ភ្លាមៗនោះ ក្រុមអ្នកបើកបរបានអនុវត្តតាមនីតិវិធីសុវត្ថិភាព និងបានស្នើសុំផ្លាស់ប្តូរទិសដៅដើម្បីចុះចតជាបន្ទាន់នៅទីក្រុង Davao តែម្តង។
អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន លោក Eric Apolonio បានបញ្ជាក់ថា អ្នកដំណើរទាំង ១៣៧ នាក់ និងបុគ្គលិក ៩ នាក់ ពុំមាននរណាម្នាក់រងរបួសនោះទេ ដោយពួកគេត្រូវបានជម្លៀសចេញពីយន្តហោះតាមរយៈស្លាយសង្គ្រោះបន្ទាន់ និងត្រូវបានបញ្ជូនទៅកាន់អគារស្ថានីយអាកាសយានដ្ឋាន ដើម្បីទទួលបានការជួយជ្រោមជ្រែង និងរៀបចំកន្លែងស្នាក់នៅតាមសណ្ឋាគារ។ ក្នុងអំឡុងពេលប្រតិបត្តិការសង្គ្រោះបន្ទាន់នេះ អាកាសយានដ្ឋាន Davao ត្រូវបានបិទដំណើរការជាបណ្តោះអាសន្ន ដែលបណ្តាលឱ្យជើងហោះហើរក្នុងស្រុកចំនួន ២ ជើងត្រូវបានលុបចោល មុននឹងបើកដំណើរការឡើងវិញក្រោយការត្រួតពិនិត្យសុវត្ថិភាពផ្លូវរត់ត្រូវបានបញ្ចប់។ អាជ្ញាធរកំពុងបើកការស៊ើបអង្កេត និងសាកសួរក្រុមអ្នកបើកបរយន្តហោះ ដើម្បីស្វែងរកមូលហេតុលម្អិតនៃឧប្បត្តិហេតុនេះ៕