កម្ពុជា៖ ឆ្លើយតបអ្នកសារព័ត៌មានស៊ីស៊ីថាមស៍ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក Oliver Richard បានបញ្ជាក់ថា បារាំងបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅក្នុងវិស័យការពារជាតិ តាំងពី ៨០ ឆ្នាំមុន ហើយបានចាប់ផ្តើមជាថ្មីម្តងទៀត ៣០ ឆ្នាំក្រោយមក បន្ទាប់ពីសង្គ្រាមនៅកម្ពុជា ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាល។ លោកបានរៀបរាប់ថា ដោយសារកម្ពុជាជាផ្នែកមួយនៃបេសកកម្មការពារសន្តិភាព ការបណ្តុះបណ្តាលពលទាហានកម្ពុជា គឺដើម្បីឱ្យពួកគាត់អាចចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក តាមរយៈការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងផ្នែកភាសា។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ លោក Oliver Richard បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលបច្ចេកទេស ផ្តោតលើការដោះមីន និងវិធីសាស្ត្ររបស់អង្គការសហប្រជាជាតិ (UN) ក្នុងការបំពេញតួនាទីជាប៉ូលិស-ទាហាន ខណៈផ្នែកភាសា គឺផ្តោតលើការបង្រៀនភាសាបារាំង ដើម្បីងាយស្រួលដល់ពលទាហានកម្ពុជាពេលទៅបំពេញការងារនៅប្រទេសដែលនិយាយភាសាបារាំង។
លោកបន្ថែមថា ការបណ្តុះបណ្តាលទាំងនេះ ធ្វើឡើងតាមរយៈសាលាបណ្តុះបណ្តាលពលទាហានរក្សាសន្តិភាពរបស់កម្ពុជា និងសាលាទាហានសាំងសៀ (Saint-Cyr) នៅប្រទេសបារាំង ដោយមានការផ្លាស់ប្តូរសិស្សពលទាហានរវាងប្រទេសទាំងពីរ។
លោកបានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ បារាំង និងអង្គការសហប្រជាជាតិ បានចូលរួមក្នុងការចុះកម្មសិក្សារបស់នាយទាហានសេនាធិការ (État-major) ដើម្បីត្រៀមចូលរួមបេសកកម្មថែរក្សាសន្តិភាពពិភពលោក។ ជាធម្មតា កម្មសិក្សានេះត្រូវបានរៀបចំនៅប្រទេសបារាំងរៀបចំឡើងនៅប្រទេសកម្ពុជា ជាមួយគ្រូបណ្តុះបណ្តាលទាំងជនជាតិបារាំង និងកម្ពុជា ដែលបង្ហាញថា យោធាកម្ពុជាបច្ចុប្បន្នមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ទេរចំណេះដឹង និងបន្តបណ្តុះបណ្តាលដល់អ្នកដទៃទៀតបាន៕