វ៉ាស៊ីនតោន៖ ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki បានជូនកាដូដ៏ប្លែក និងមានតម្លៃមួយ គឺកៅអីអង្គុយដែលតុបតែងដោយថ្មអាំប៊ែរ (amber) និងនិមិត្តសញ្ញារបស់សហរដ្ឋអាម៉េរិក ដល់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងឱកាសពិធីអបអរសាទរខួបកំណើតគម្រប់ ៨០ ឆ្នាំរបស់លោក កាលពីថ្ងៃទី ១៤ ខែមិថុនា នៅទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មានប៉ូឡូញ TVN24+។
កាដូទីពីរដែលត្រូវបានអ្នកសារព័ត៌មានដាក់រហស្សនាមថា «បល្ល័ង្ក» នេះ ត្រូវបានរក្សាទុកជាអាថ៌កំបាំងយ៉ាងតឹងរ៉ឹង រហូតដល់រូបភាពនៃកៅអីនោះត្រូវបានចែកចាយនៅលើបណ្តាញអ៊ីនធឺណិត សូម្បីតែមន្ត្រីនៅក្រសួងការបរទេសប៉ូឡូញ និងស្ថានទូតប៉ូឡូញប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ក៏ទើបតែបានដឹងអំពីរឿងនេះដែរ។ កន្លងមក ការិយាល័យរបស់លោក Nawrocki ធ្លាប់បានប្រកាសត្រឹមតែកាដូផ្លូវការមួយប៉ុណ្ណោះ គឺបន្ទះថ្មម៉ាបសម្រាប់គម្រោងសាងសង់ក្លោងទ្វារជ័យនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីអបអរសាទរខួបលើកទី ២៥០ នៃសេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាម៉េរិក។
កៅអីតុបតែងដោយថ្មអាំប៊ែរដ៏ប្រណីតនេះ ត្រូវបានផលិតឡើងដោយលោក Lucjan Myrta ដែលជាជាងសិប្បកម្មដ៏ល្បីល្បាញខាងសិល្បៈថ្មអាំប៊ែរនៅទីក្រុង Sopot ប្រទេសប៉ូឡូញ។ ជុំវិញព័ត៌មាននេះ លោក Marcin Przydacz ប្រធានការិយាល័យគោលនយោបាយអន្តរជាតិរបស់ប្រធានាធិបតីប៉ូឡូញ បានទទួលស្គាល់ថា លោក Nawrocki ពិតជាបានជូនកៅអីនោះដល់លោក ត្រាំ មែន ហើយកាដូនេះក៏បានធ្វើឱ្យមេដឹកនាំអាម៉េរិករូបនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទោះបីជាលោកបានបដិសេធមិនបង្ហាញពីតម្លៃពិតប្រាកដ និងមូលហេតុនៃការលាក់បាំងព័ត៌មាននេះក៏ដោយ៕