Khmer suport khmer cc time

«កាន់ ចមផ្លាំង» រួមទាំងតារាល្បីៗថៃ ៣០ នាក់ ត្រូវកោះហៅចូលបំភ្លឺ ករណីសង្ស័យលួចលុយមូលនិធិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ នាយកដ្ឋានស៊ើបអង្កេតករណីពិសេសថៃ (DSI) កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសថា ក្រុមការងារកំពុងបើកការស៊ើបអង្កេតលើប្រតិបត្តិការរបស់ «មូលនិធិ កាន់ចមផ្លាំង ជួយតស៊ូ» របស់ «កាន់ ចមផ្លាំង» ដោយផ្តោតសំខាន់លើការត្រួតពិនិត្យការចំណាយ ការប្រើប្រាស់ទ្រព្យសម្បត្តិ និងទឹកប្រាក់របស់មូលនិធិ បន្ទាប់ពីមានពាក្យបណ្តឹងស្នើសុំឱ្យត្រួតពិនិត្យ ពីភាពមិនប្រក្រតីនៃការប្រើប្រាស់ថវិកា។

បច្ចុប្បន្ន មន្ត្រីស៊ើបអង្កេតថៃបានចេញដីកាកោះហៅអ្នកពាក់ព័ន្ធសរុបចំនួន ៣០ នាក់ ឱ្យចូលខ្លួនផ្តល់សក្ខីកម្មចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ អ្នកទាំងនោះរួមមាន គណៈកម្មាធិការមូលនិធិ អ្នកពាក់ព័ន្ធការងារ និងក្រុមសប្បុរសជនដែលធ្លាប់បរិច្ចាគប្រាក់ ដូចជាតារាសម្តែង អ្នកល្បីលើបណ្តាញសង្គម (Influencers) ព្រមទាំងលោក កាន់ថាត់ (Kanthas) ឬដែលមហាជនស្គាល់ថា «កាន់ ចមផ្លាំង» (Kan Chomphalang)។

នាយកដ្ឋានស៊ើបអង្កេតករណីពិសេសថៃ បញ្ជាក់ថា ការកោះហៅអ្នកទាំង ៣០ នាក់នេះ គឺគ្រាន់តែជានីតិវិធីប្រមូលព័ត៌មាន និងភស្តុតាងប៉ុណ្ណោះ ពោលគឺមិនមែនមានន័យថាពួកគេជាជនល្មើសនោះឡើយ។ នាយកដ្ឋានស៊ើបអង្កេតករណីពិសេសថៃ បានប្តេជ្ញានឹងស៊ើបអង្កេតរឿងនេះដោយតម្លាភាព និងយុត្តិធម៌ ដោយឈរលើភស្តុតាង និងច្បាប់ជាគោល ព្រមទាំងនឹងជូនដំណឹងអំពីលទ្ធផលជាបន្តបន្ទាប់ដល់ពលរដ្ឋក្នុងប្រទេសថៃ។

គួររម្លឹកថា រឿងអាស្រូវពាក់ព័ន្ធការលួចមូលនិធិសប្បុរសធម៌ មិនមែនជារឿងថ្មីឡើយនៅក្នុងសង្គមថៃ។ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ អតីតបវរកញ្ញាថៃ និងជាអតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃ នាង ប៉ាណាដា វង់ភូឌី រួមជាមួយស្វាមី ទើបតែត្រូវបានប៉ូលិសថៃ ចាប់ខ្លួន និងត្រូវបានតុលាការព្រហ្មទណ្ឌសម្រេចឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងបទចោទប្រកាន់ឆបោកសាធារណៈ និងលាងលុយកខ្វក់ក្នុងមូលនិធិ «អង្គការធ្វើល្អ» (Ongkorn Thamdee)។ ក្នុងសំណុំរឿងនោះ សមត្ថកិច្ចថៃបានរកឃើញភាពមិនប្រក្រតីនៃការបង្វែរប្រាក់បរិច្ចាគរបស់សប្បុរសជនប្រមាណ ៥២៧ លានបាត (ក្នុងចំណោមប្រាក់បរិច្ចាគសរុបជាង ៨០០ លានបាត) យកទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជាការផ្ទេរចូលគណនីឯកជន ការវិនិយោគ និងការទិញទ្រព្យសម្បត្តិប្រណីតៗ ខុសពីគោលបំណងជួយសង្គ្រោះគ្រោះមហន្តរាយដែលបានផ្សព្វផ្សាយ៕

Khcct banner

អត្ថបទទាក់ទង