ហាណូយ៖ ប្រាក់ចំណូលសរុបរបស់សហគ្រាសធំជាងគេទាំង ៥០០ របស់វៀតណាម (VNR500) បានកើនឡើងជិត ៩ ដង ពីចំនួន ១,២ ពាន់ទ្រីលានដុង (ប្រមាណ ៤៦,៦៧ ពាន់លានដុល្លារអាម៉េរិក) ក្នុងឆ្នាំ២០០៧ រហូតដល់ ១០,៤ ពាន់ទ្រីលានដុង (ជាង ៤០០ ពាន់លានដុល្លារអាម៉េរិក) នៅក្នុងឆ្នាំ២០២៦។ នេះបើយោងតាមការប្រកាសចំណាត់ថ្នាក់ VNR500 ប្រចាំឆ្នាំ២០២៦ ដោយក្រុមហ៊ុន Vietnam Report JSC សហការជាមួយកាសែតអនឡាញ VietNamNet កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដែលជាខួបលើកទី ២០ នៃការបង្កើតតារាងចំណាត់ថ្នាក់នេះ។
យោងតាមសារព័ត៌មានវៀតណាម VietnamPlus កំណើនដ៏គួរឱ្យកត់សម្គាល់នេះ បានដើរស្របគ្នានឹងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិកាន់តែស៊ីជម្រៅរបស់វៀតណាម ដោយទំហំពាណិជ្ជកម្មសរុបបានកើនឡើងពី ១១១ ពាន់លានដុល្លារ រហូតដល់ជាង ១ ទ្រីលានដុល្លារអាម៉េរិក ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦ រួមជាមួយនឹងលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបន្តកើនឡើង។ ក្នុងរយៈពេល ២០ ឆ្នាំមកនេះ មានសហគ្រាសសរុបចំនួន ២,៧២៥ បានជាប់ក្នុងបញ្ជី VNR500 ហើយក្នុងនោះមានសហគ្រាសចំនួន ៧៣ បានរក្សាតំណែងរបស់ខ្លួនជាប់រហូតពេញរយៈពេលពីរទសវត្សរ៍ ទោះបីជាឆ្លងកាត់វិបត្តិហិរញ្ញវត្ថុសកល ជំងឺរាតត្បាតកូវីដ-១៩ និងការផ្លាស់ប្តូរឌីជីថលក៏ដោយ។
ការស្ទង់មតិលើដំណើរការអាជីវកម្មរបស់សហគ្រាស VNR500 ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ បានបង្ហាញពីសញ្ញានៃការងើបឡើងវិញជាវិជ្ជមាន ដោយសហគ្រាសចំនួន ៧១,៤% រាយការណ៍ពីកំណើនប្រាក់ចំណូល, ៦៧,៩% ទទួលបានប្រាក់ចំណេញខ្ពស់ជាងមុន និង ៦៨,៦% មានការកើនឡើងនៃការបញ្ជាទិញបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណា ការកើនឡើងនៃថ្លៃដើមប្រតិបត្តិការនៅតែជាក្តីបារម្ភ (៦២,៥%) ដែលជំរុញឱ្យសហគ្រាសទាំងនោះផ្តោតអាទិភាពលើការធ្វើបរិវត្តកម្មឌីជីថល (៦៥,៥%) ការវិនិយោគលើសេដ្ឋកិច្ចបៃតង (៥៨,២%) និងការពង្រឹងការចូលរួមក្នុងខ្សែចង្វាក់តម្លៃសកល (៥០,៩%)។
សម្រាប់តារាងចំណាត់ថ្នាក់កំពូលទាំង ១០ ប្រចាំឆ្នាំ២០២៦ នៅតែគ្របដណ្តប់ដោយក្រុមហ៊ុនយក្សធំៗ រួមមាន៖ Samsung Electronics Vietnam Thai Nguyen, សម្ព័ន្ធឧស្សាហកម្ម-ថាមពលជាតិវៀតណាម (Petrovietnam), អគ្គិសនីវៀតណាម (EVN), Vingroup, Petrolimex, Viettel, ធនាគារ BIDV, Agribank, VietinBank និងក្រុមហ៊ុន Hoa Phat។ ដោយឡែក សម្រាប់វិស័យឯកជន ក្រុមហ៊ុន Vingroup បន្តនាំមុខគេក្នុងចំណោមសហគ្រាសឯកជនធំជាងគេទាំង ១០ បន្ទាប់មកគឺ Hoa Phat, Mobile World (The Gioi Di Dong), VPBank, Techcombank, Vietjet, Masan, HDBank, FPT និង ACB។
គួរបញ្ជាក់ថា ពិធីប្រកាស និងផ្តល់កិត្តិយសជាផ្លូវការ គ្រោងនឹងរៀបចំឡើងនៅទីក្រុងហាណូយ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៧៕