ស្កុតឡែន៖ ថ្មីៗនេះ សារព័ត៌មានថៃ Khaosod English បានយករូបភាពជនភៀសខ្លួនខ្មែរនៅ ជំរំជោគជ័យ ឬ ណងចាន់ ក្នុងឆ្នាំ១៩៧៩ មកចុះផ្សាយដោយអះអាងថា រដ្ឋាភិបាលថៃ បានបើកឱ្យប្រជាជនកម្ពុជាចូលមករស់នៅបណ្តោះអាសន្ន ប៉ុន្តែពលរដ្ឋទាំងនោះបែរជាមិនព្រមចាកចេញទៅវិញ។ឆ្លើយតបនឹងការចុះផ្សាយនេះ លោក អ៊ែនឌ្រូ ម៉ាកហ្គ្រេហ្គ័រ ម៉ាសល (Andrew MacGregor Marshall) អ្នកកាសែតជនជាតិស្កុតឡែនដ៏ល្បីល្បាញមួយរូប បានសរសេររិះគន់យ៉ាងចាស់ដៃនៅលើគណនីហ្វេសប៊ុករបស់លោកថា នេះគឺជា «ការឃោសនាដ៏អន់ថយរបស់ Khaosod English ដែលពិតជាគួរឱ្យអាម៉ាស់បំផុត»។
ថ្លែងរៀនរាប់លើបណ្ដាញសង្គមផ្ទាល់ខ្លួន អ្នកកាសែតរូបនេះ បានគូសបញ្ជាក់ថា ភាគីថៃទៅវិញទេដែលបានប្រព្រឹត្តចំពោះជនភៀសខ្លួនកម្ពុជាយ៉ាងឃោរឃៅបំផុត ហើយថែមទាំងបានបណ្តេញមនុស្សរាប់ពាន់នាក់ត្រឡប់ទៅវិញ ឱ្យជួបប្រទះនឹងភាពអត់ឃ្លាន និងសេចក្តីស្លាប់។
គួរបញ្ជាក់ថា លោក Andrew MacGregor Marshall គឺជាអ្នកកាសែតជនជាតិស្កុតឡែន និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញមានចំណងជើងថា «A Kingdom in Crisis» ដែលលាតត្រដាងយ៉ាងស៊ីជម្រៅអំពីវិបត្តិនយោបាយ និងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ។
គួររម្លឹកថា ក្នុងអំឡុងឆ្នាំ១៩៧៩ ជំរំណងចាន់ គឺជាចំណុចចែកចាយជំនួយមនុស្សធម៌ដ៏សំខាន់មួយនៅតាមបណ្តោយព្រំដែន ដែលស្ថិតក្រោមការសម្របសម្រួល និងគ្រប់គ្រងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន អង្គការយូនីសេហ្វ (UNICEF) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ការិយាល័យប្រតិបត្តិការសង្គ្រោះព្រំដែនរបស់អង្គការសហប្រជាជាតិ (UNBRO) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។ អង្គការអន្តរជាតិទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ស្បៀងអាហារ ទីជម្រកបណ្តោះអាសន្ន និងការពារសុវត្ថិភាពដល់ពលរដ្ឋខ្មែររាប់សែននាក់ដែលរត់គេចពីសង្គ្រាម និងគ្រោះទុរ្ភិក្ស ព្រមទាំងបានរៀបចំការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត និងការតាំងទីលំនៅថ្មីនៅប្រទេសទីបី៕