វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើបឱ្យដឹងកាលពីថ្ងៃចន្ទ (ទី១៦ ខែវិច្ឆិកា) ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងមានវត្តមាននៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ ជាទីដែលលោកគ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងសិនជិន (Shenzhen)។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន FOX NEWS។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន លោក ត្រាំ បានឆ្លើយតបយ៉ាងខ្លីចំពោះសំណួរពាក់ព័ន្ធនឹងកិច្ចប្រជុំត្រីភាគីនៅក្រៅកិច្ចប្រជុំកំពូល APEC ដោយលើកឡើងថា៖ «យើងអាចនឹងមានវត្តមានលោក គីម ជុងអ៊ុន គាត់អាចនឹងមក ខ្ញុំមិនដឹងទេ លោកថា រឿងនេះអាស្រ័យលើលោកប្រធានាធិបតី ស៊ី»។
យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ ABC News មន្ត្រីអាម៉េរិកមួយរូបបានបញ្ជាក់កាលពីសប្តាហ៍មុនថា ពុំមានផែនការផ្លូវការណាមួយសម្រាប់ការចូលរួមរបស់កូរ៉េខាងជើងនោះឡើយ។ ទន្ទឹមនឹងនេះ អ្នកវិភាគនយោបាយអន្តរជាតិក៏យល់ឃើញស្រដៀងគ្នាដែរថា បញ្ហាកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងទំនងជាមិនមែនជាប្រធានបទស្នូលនៅក្នុងកិច្ចប្រជុំកំពូលនេះទេ ដោយសារតែភាពខុសគ្នានៃទស្សនៈរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ហើយទាំងលោក ស៊ី និងលោក ពូទីន ក៏អាចនឹងមិនសូវចង់គាំទ្រការចរចាដោយផ្ទាល់រវាងអាម៉េរិក និងកូរ៉េខាងជើងដែរ ព្រោះបារម្ភខ្លាចបាត់បង់ឥទ្ធិពលរបស់ខ្លួនលើទីក្រុងព្យុងយ៉ាង។
តាមកាលវិភាគសាធារណៈរបស់សេតវិមាន កិច្ចប្រជុំកំពូលត្រីភាគីរវាងលោក ត្រាំ លោក ស៊ី និងលោក ពូទីន គ្រោងនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ២:៣០ រសៀល ថ្ងៃព្រហស្បតិ៍ (ទី១៩ ខែវិច្ឆិកា) នៅទីតាំង Shenzhen Kylin Villa។ អ្នកនាំពាក្យសេតវិមាន លោកស្រី Olivia Wales និងទីភ្នាក់ងារសារព័ត៌មាន Associated Press បានរាយការណ៍ថា របៀបវារៈអាទិភាពរបស់លោក ត្រាំ នៅក្នុងជំនួបដ៏សំខាន់នេះ រួមមានបញ្ហាការកាត់បន្ថយអាវុធនុយក្លេអ៊ែរ វិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ និងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun ក៏បានសង្កត់ធ្ងន់ប្រាប់សមភាគីចិន លោក Wang Yi ថា រាល់កិច្ចពិភាក្សាណាមួយពាក់ព័ន្ធនឹងឧបទ្វីបកូរ៉េ ចាំបាច់ត្រូវគិតគូរពីផលប្រយោជន៍ និងទស្សនៈរបស់ទីក្រុងសេអ៊ូល៕