Khmer suport khmer cc time

ជប៉ុនបញ្ជូនយន្តហោះ ដេញយន្តហោះចម្បាំងរុស្ស៊ីដែលរំលោភចូលដែនអាកាសខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
យន្តហោះចម្បាំង F-15 ចំនួន ២ គ្រឿងរបស់កងកម្លាំងការពារខ្លួនតាមអាកាសជប៉ុន បានហោះកាត់ក្នុងអំឡុងពេលពិធីព្យុហយាត្រា ដែលជាផ្នែកមួយនៃពិធីចូលសិក្សានៅសាលាការពារជាតិ (National Defense Academy) ក្នុងទីក្រុង Yokosuka ខេត្ត Kanagawa កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៦។ (រូបភាព៖ AFP/Kazuhiro Nogi)

តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានប្រកាសនៅថ្ងៃអង្គារ (ទី១៧ ខែវិច្ឆិកា) នេះថា កងកម្លាំងស្វ័យការពាររបស់ខ្លួនបានបញ្ជូនយន្តហោះចម្បាំងហោះឡើងស្ទាក់ព្រមានជាបន្ទាន់ បន្ទាប់ពីយន្តហោះចំនួន ២ គ្រឿង ដែលសង្ស័យថាជារបស់ប្រទេសរុស្ស៊ី បានហោះរំលោភចូលក្នុងដែនអាកាសអធិបតេយ្យរបស់ជប៉ុន នៅក្បែរកោះ Okinoshima ខេត្ត Fukuoka កាលពីវេលាជិតម៉ោង ៤ ទៀបភ្លឺ។

អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានថ្កោលទោសសកម្មភាពនេះថាជាការបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងជាការគំរាមកំហែងដល់សន្តិសុខជាតិជប៉ុន ដែលមិនអាចទទួលយកបានជាដាច់ខាត។ លោកបានបញ្ជាក់ថា ទីក្រុងតូក្យូបានដាក់ពាក្យតវ៉ា «យ៉ាងម៉ឺងម៉ាត់បំផុត» តាមរយៈបណ្តាញការទូតទៅកាន់ទីក្រុងមូស្គូ ដើម្បីទាមទារឱ្យមានវិធានការទប់ស្កាត់កុំឱ្យហេតុការណ៍បែបនេះកើតឡើងម្តងទៀត ខណៈដែលនេះគឺជាការរំលោភដែនអាកាសផ្លូវការលើកដំបូងរបស់រុស្ស៊ីមកលើជប៉ុន ចាប់តាំងពីឆ្នាំ ២០១៩ មក។

អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន លោក Minoru Kihara

យោងតាមរបាយការណ៍របស់អាជ្ញាធរជប៉ុន យន្តហោះទាំងពីរគ្រឿងនោះបានហោះកាត់ច្រកសមុទ្រ Tsushima និងឆ្លងកាត់ចន្លោះកោះ Yonaguni និងកោះតៃវ៉ាន់ មុននឹងបន្តដំណើរឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។ ហេតុការណ៍នេះក៏បានកើតឡើងស្របពេលដែលអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានប្រកាសថា ខ្លួនក៏បានបញ្ជូនយន្តហោះចម្បាំងឡើងឃ្លាំមើលផងដែរ បន្ទាប់ពីយន្តហោះយោធារុស្ស៊ីមួយចំនួនបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ (KADIZ) នៅលើដែនសមុទ្រជប៉ុន កាលពីព្រឹកព្រលឹមថ្ងៃអង្គារដូចគ្នា។

គួរកត់សម្គាល់ថា ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងមូស្គូ បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជុំវិញការចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់ដោយចោទប្រកាន់ពីបទចារកម្ម និងការរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុន Japan Tobacco នៅរុស្ស៊ី បន្ថែមពីលើជម្លោះរ៉ាំរ៉ៃជុំវិញប្រជុំកោះគូរីល (Kuril) និងការដាក់ទណ្ឌកម្មរបស់ជប៉ុនលើរុស្ស៊ីពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន៕

Khcct banner

អត្ថបទទាក់ទង