វ៉ាស៊ីនតោន៖ យោងតាមព័ត៌មានសម្ងាត់ថ្មីរបស់សហរដ្ឋអាម៉េរិកដែលចេញផ្សាយដោយទីភ្នាក់ងារ CNN បានរាយការណ៍ថាមានការលេចធ្លាយព័ត៌មានសម្ងាត់ និងផ្អែកលើការបញ្ជាក់ពីមន្ត្រីអាម៉េរិកចំនួន ៧ រូប អ៊ីរ៉ង់កំពុងរៀបចំផែនការដែលអាចនឹងកំណត់គោលដៅលើមន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ដូណាល់ ត្រាំ និងគ្រោងនឹងបំផ្ទុះ «គ្រាប់បែកវិទ្យុសកម្ម» (dirty bomb) ឬប្រើប្រាស់អាវុធគីមី នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី (Washington, D.C.)។ ការរកឃើញផែនការសម្ងាត់នេះ បានកើតឡើងចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កំពុងស្ថិតក្នុងស្ថានភាពតានតឹងយ៉ាងខ្លាំង ទាំងជុំវិញជម្លោះនៅច្រកសមុទ្រហ័រមូស និងវិធានការទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលកំពុងធ្វើឱ្យរបបដឹកនាំនៅទីក្រុងតេអេរ៉ង់រងសម្ពាធយ៉ាងខ្លាំង។
មន្ត្រីអាម៉េរិកបានបញ្ជាក់ថា ផែនការនេះហាក់ដូចជាការបង្កើតជម្រើសយុទ្ធសាស្ត្រសម្រាប់ខ្លួនឯងប៉ុណ្ណោះ ដោយមិនទាន់មានភស្តុតាងបង្ហាញថាការវាយប្រហារនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ឬថាអ៊ីរ៉ង់បានសម្រេចចិត្តអនុវត្តវាច្បាស់លាស់នោះឡើយ។ ប៉ុន្តែ ព័ត៌មានសម្ងាត់នេះមានលក្ខណៈជាក់លាក់ខ្ពស់ ដែលរួមបញ្ចូលទាំងទីតាំង និងគោលដៅជាក់លាក់ ដែលជំរុញឱ្យសហរដ្ឋអាម៉េរិកត្រូវប្រញាប់រៀបចំផែនការឆ្លើយតបជាបន្ទាន់។
អ្នកនាំពាក្យសេតវិមាន លោកស្រី Lauren Bis បានថ្លែងថា សហរដ្ឋអាម៉េរិកកំពុងតាមដានរាល់ការគំរាមកំហែង ប៉ុន្តែបច្ចុប្បន្នមិនទាន់មានការគំរាមកំហែងណាមួយដែលគួរឱ្យជឿជាក់ថានឹងកើតឡើងលើទឹកដីអាម៉េរិកនោះទេ។ មន្ត្រីសន្តិសុខជាតិអាម៉េរិកបានព្រមានថា គ្រាប់បែកវិទ្យុសកម្ម ដែលជាអាវុធសម្រាប់បង្កការភ័យខ្លាចគឺមានភាពងាយស្រួលក្នុងការផលិត និងអាចប្រើប្រាស់វិធីសាស្ត្របញ្ចុះបញ្ចូលបុគ្គលណាម្នាក់ដែលកំពុងរស់នៅលើទឹកដីអាម៉េរិកស្រាប់ឱ្យធ្វើការវាយប្រហារជំនួស ដោយមិនចាំបាច់លួចបញ្ជូនភ្នាក់ងារចូលមកនោះទេ ដែលនេះគឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ស្ថាប័នសន្តិសុខជាតិអាម៉េរិក។
ស្ថានទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ដោយចាត់ទុកការចោទប្រកាន់នេះថាជាព័ត៌មានមិនពិត និងជាការប្រឌិតឡើង។
គួររម្លឹកថា «គ្រាប់បែកវិទ្យុសកម្ម» (dirty bomb) ខុសគ្នាឆ្ងាយពីគ្រាប់បែកនុយក្លេអ៊ែរ។ គ្រាប់បែកនុយក្លេអ៊ែរដំណើរការដោយប្រតិកម្មបំបែកអាតូម (nuclear-fission) ដែលមានកម្លាំងបំផ្លិចបំផ្លាញខ្លាំងជាងគ្រាប់បែកវិទ្យុសកម្មរាប់ពាន់ដង។ គ្រាប់បែក វិទ្យុសកម្មអាចបញ្ចេញសារធាតុវិទ្យុសកម្មដ៏គ្រោះថ្នាក់ទៅក្នុងខ្យល់ ដែលអាចប៉ះពាល់ដល់តំបន់ដែលមានទំហំធំធេង (រាប់ប្លុក ឬរាប់ម៉ាយល៍) ប៉ុន្តែអ្នកជំនាញបាននិយាយថា ករណីស្លាប់ឬរបួសភាគច្រើនទំនងជាបណ្តាលមកពីការផ្ទុះគ្រាប់បែកនោះផ្ទាល់ មិនមែនមកពីវិទ្យុសកម្មទេ។ ទោះបីជាការផ្គុំគ្រាប់បែកប្រភេទនេះមិនពិបាកជាងគ្រាប់បែកធម្មតា (conventional bomb) ក៏ដោយ ប៉ុន្តែចំណុចលំបាកគឺការស្វែងរកសារធាតុវិទ្យុសកម្ម៕