បាងកក៖ ក្រុមតវ៉ាថៃមួយក្រុម កាលពីថ្ងៃចន្ទ បានដើរក្បួនចម្ងាយជាង ១១ គីឡូម៉ែត្រ ក្នុងទីក្រុងបាងកក ដើម្បីទាមទារឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន ១០ បាតក្នុងមួយលីត្រ(ប្រមាណ១២០០រៀល) និងដោះស្រាយបញ្ហាដែលពួកគេចោទប្រកាន់ថា មានសំណាក់ក្រុមហ៊ុនឯកជន គ្រប់គ្រងផ្តាច់មុខ លើធនធានប្រេង និងឧស្ម័នធម្មជាតិរបស់ប្រទេសថៃ។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត ការតវ៉ានេះដឹកនាំដោយលោក ម៉ាណូ គ្រឿកែវ (Mano Khrueakaew) ឬ កាំណាន់ ម៉ាណូ មេដឹកនាំក្រុម «រណសិរ្សបដិវត្តន៍ប្រជាជនដើម្បីការពារទឹកដី» (NPP) ដែលបានដឹកនាំអ្នកគាំទ្រដើរក្បួនចម្ងាយ ១១,៤ គីឡូម៉ែត្រ ពីវិមានរដ្ឋាភិបាលទៅកាន់ក្រសួងថាមពល។ លោក ម៉ាណូ បញ្ជាក់ថា ការជួបជុំនេះធ្វើឡើងដើម្បីទាមទារឱ្យរដ្ឋមន្ត្រីក្រសួងថាមពល លោក អេកាណាត់ ព្រំផាន់ បញ្ចុះតម្លៃប្រេងជាបន្ទាន់ ដោយក្រុមបាតុករនឹងមិនដាក់ញត្តិ ឬចរចាឡើយ។
លោក ម៉ាណូ ក៏បានទាមទារឱ្យបង្ហាញការពិតអំពីឧស្សាហកម្មប្រេង និងឧស្ម័នធម្មជាតិថៃ ដោយចោទប្រកាន់ថា ក្រុមហ៊ុនក្នុងស្រុក និងបរទេសបានគ្រប់គ្រង និងលាក់បាំងព័ត៌មានតាំងពីឆ្នាំ១៩៧១ ដែលធ្វើឱ្យពលរដ្ឋថៃជាអ្នកទទួលរងបន្ទុកហិរញ្ញវត្ថុ។ លោកសង្កត់ធ្ងន់ថា ការតវ៉ានេះមិនមែនដើម្បីផ្តួលរំលំរដ្ឋាភិបាលទេ ប៉ុន្តែដើម្បីទាមទារធនធានជាតិមកវិញ។ លោក អះអាងថា ការបញ្ចុះតម្លៃប្រេង ១០ បាតក្នុងមួយលីត្រ អាចធ្វើទៅបាន ប្រសិនបើមានឆន្ទៈនយោបាយ។
មេដឹកនាំការតវ៉ារូបនេះបានព្រមានថា ប្រសិនបើមិនមានការឆ្លើយតបទេ ក្រុមបាតុករនឹងបន្តបោះជំរំតវ៉ាដោយគ្មានកាលកំណត់នៅខាងក្រៅវិមានរដ្ឋាភិបាល និងគ្រោងតវ៉ានៅតាមក្រសួងពាក់ព័ន្ធផ្សេងទៀត៕