បាងកក៖ កងទ័ពអាកាសភូមិន្ទថៃ កាលពីម្សិលមិញ បានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន ២ គ្រឿង ទៅកាន់ខេត្តម៉ែហុងសន (Mae Hong Son) ក្នុងបេសកកម្មឆ្លើយតបរហ័ស បន្ទាប់ពីរកឃើញមានសកម្មភាពផ្លូវអាកាសរបស់មីយ៉ាន់ម៉ានៅក្បែរតំបន់ព្រំដែន ទល់មុខស្រុកម៉ែសារៀង (Mae Sariang) របស់ប្រទេសថៃ។ អ្នកនាំពាក្យកងទ័ពអាកាសថៃ បានឱ្យដឹងថា យន្តហោះចម្បាំងទាំងពីរគ្រឿងត្រូវបានបញ្ជូនចេញប្រតិបត្តិការនៅវេលាម៉ោងប្រមាណ ១ និង ៥៤ នាទីរសៀល ដើម្បីធ្វើការល្បាតតាមផ្លូវអាកាស និងឃ្លាំមើលស្ថានការណ៍តាមបណ្តោយព្រំដែន។ លោកបានបញ្ជាក់ថា ពុំមានការរំលោភបំពានចូលមកក្នុងដែនអាកាសរបស់ប្រទេសថៃឡើយ។
អ្នកនាំពាក្យកងទ័ពអាកាសថៃ បានគូសបញ្ជាក់ថា ការដាក់ពង្រាយកម្លាំងនេះ គឺអនុវត្តទៅតាមនីតិវិធីស្តង់ដារនៃការឃ្លាំមើល និងសន្តិសុខដែនអាកាស ក្នុងគោលបំណងវាយតម្លៃការវិវត្តនៃស្ថានការណ៍ព្រំដែន និងរក្សាការត្រៀមខ្លួនប្រយុទ្ធជាប់ជានិច្ច ដើម្បីទប់ទល់នឹងរាល់សកម្មភាពផ្លូវអាកាសដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ និងអធិបតេយ្យភាពរបស់ថៃ។ លោកបានបន្ថែមទៀតថា ការឆ្លើយតបនេះធ្វើឡើងក្នុងកម្រិតសមាមាត្រ និងស្របតាមច្បាប់អន្តរជាតិ និងបញ្ជាក់ជាថ្មីថា កងទ័ពអាកាសភូមិន្ទថៃតែងតែប្រុងជើងការ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីការពារដែនអាកាស និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕