Khmer suport khmer cc time

កំពូលមេក្លោងស្កេមវៀតណាម ២ នាក់ គ្រប់គ្រងស្កេមមឺ ១៨៦នាក់ ត្រូវជាប់ពន្ធនាគារ១ជីវិត ក្នុងសំណុំរឿងឆបោកនិងលាងលុយជាង ៦០ លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហាណូយ៖ តុលាការ ក្រុងហាណូយ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទសរុបចំនួន ១៨៨ នាក់ ក្នុងសំណុំរឿងបោកប្រាស់ការវិនិយោគ និងលាងលុយខុសច្បាប់ ដែលមានទំហំទឹកប្រាក់ប្រមាណ ៦០ លានដុល្លារអាម៉េរិក។ ក្នុងនោះ តុលាការបានសម្រេចផ្តន្ទាទោសជនជាមេក្លោងពីររូប គឺលោក Pho Duc Nam (ហៅ Mr Pips) និងលោក Le Khac Ngo (ហៅ Mr Hunter) ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទបោកប្រាស់ និងលាងលុយ បន្ទាប់ពីបានបង្កើតវេទិកាជួញដូរខុសច្បាប់ចំនួន ៧ រួមមាន GKFX, DK Trade, ASX, ACX, Sea Investing, HonorFX និង ScopeMarket ដែលបានបោកប្រាស់ជនរងគ្រោះសរុបចំនួន ៩១៩ ករណី។

យោងតាមសាលក្រម លោក Pho Duc Nam ដែលល្បីឈ្មោះលើបណ្តាញសង្គមថាជា Mr Pips ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទ «បំពានកម្មសិទ្ធិដោយការបោកប្រាស់» និងបន្ថែមទោស ១២ ឆ្នាំទៀតពីបទ «លាងលុយកាក់»។ ចំណែកឯបក្ខពួករបស់លោក គឺលោក លេ ខាកង៉ូ (Le Khac Ngo) ហៅ Mr Hunter ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតពីបទបោកប្រាស់ និង ១១ ឆ្នាំពីបទលាងលុយកាក់ ដោយជនទាំងពីរត្រូវទទួលទោសបួករួមអស់មួយជីវិតក្នុងពន្ធនាគារ។

យោងតាមសារព័ត៌មាន Vietnam.net តុលាការហាណូយ ក៏បានផ្តន្ទាទោសលើពាណិជ្ជករល្បីឈ្មោះ Nguyen Hoa Binh ដែលត្រូវបានស្គាល់ ថាជា Shark Binh ឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ពីបទពាក់ព័ន្ធនឹងការលាងលុយកាក់ តាមរយៈប្រតិបត្តិការកាបូបប្រាក់ទូទាត់អេឡិចត្រូនិកដែលភ្ជាប់ទៅនឹងវេទិកាជួញដូររបស់លោក Nam។

គួរបញ្ជាក់ថា តុលាការក្រុងហាណូយក៏បានផ្តន្ទាទោសលើសមាជិកគ្រួសារ និងអ្នកពាក់ព័ន្ធជិតស្និទ្ធជាច្រើនរូបទៀតរបស់លោក Nam ដែលជាមេក្លោង រួមមានទាំងឪពុកម្តាយ សង្សារ និងមីងបង្កើត ដែលបានជួយលាក់បាំង ចុះឈ្មោះកាន់កាប់ទ្រព្យសម្បត្តិ និងចាត់ចែងលុយកាក់ដែលបានមកពីបទល្មើស ដែលធ្វើឱ្យកិច្ចស៊ើបអង្កេត និងការទាញយកទ្រព្យសម្បត្តិមកវិញមានភាពស្មុគស្មាញយ៉ាងខ្លាំង៕

Khcct banner

អត្ថបទទាក់ទង