Khmer suport khmer cc time

ថៃ រកឃើញ «ត្រីអណ្តែងខ្មោចឆៅ» ជាច្រើនក្បាល បង្ហាញខ្លួនតាមដងទន្លេមេគង្គ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ ត្រីហ្សុំប៊ី ឬ ត្រីអណ្តែងខ្មោចឆៅ (Zombie fish) ត្រូវបានគេប្រទះឃើញជាបន្តបន្ទាប់នៅក្នុងទន្លេមេគង្គ ភាគឦសានប្រទេសថៃ បង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋថៃក្នុងតំបន់។ យោងតាមការចុះផ្សាយរបស់កាសែត South China Morning Post កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ត្រីអណ្តែងប្រភេទនេះជាច្រើនក្បាល ត្រូវបានរកឃើញមាន ពងបែក ដុំពកពេញខ្លួន និងប្រែពណ៌ព្រុយខុសប្រក្រតី។ អ្នកអភិរក្សបរិស្ថានសង្ស័យថា បណ្តាលមកពីការបំពុលសារធាតុលោហៈច្រើន ដែលហូរចេញពីតំបន់អាជីវកម្មរ៉ែនៅផ្នែកខាងលើនៃទន្លេមេគង្គ ក្នុងប្រទេសមីយ៉ាន់ម៉ា ឡាវ និងចិន ដែលធ្វើឱ្យត្រីចុះខ្សោយប្រព័ន្ធភាពស៊ាំ និងងាយឆ្លងជំងឺ និងបង្កើតទៅជាដុំពកៗខុសពីធម្មតា។

ប្រភពដដែលបានរាយការណ៍ថា ការសង្ស័យនេះត្រូវបានបញ្ជាក់តាមរយៈលទ្ធផលពិនិត្យគុណភាពទឹករបស់នាយកដ្ឋានគ្រប់គ្រងការបំពុលរបស់ថៃ កាលពីខែសីហា និងកញ្ញាកន្លងទៅ ដែលបានរកឃើញសារធាតុពុលអាសេនិច (Arsenic) លើសកម្រិតស្តង់ដារនៅតាមខេត្តជាប់ព្រំដែនឡាវ ដូចជាខេត្ត Loei, Nong Khai និង Bueng Kan។ កាលពីដើមខែវិច្ឆិកានេះ គេថែមទាំងបានរកឃើញសារធាតុអាសេនិចខ្ពស់លើសស្តង់ដារដល់ទៅ ៣០ដង (០,៣ មីលីក្រាមក្នុងមួយលីត្រ) នៅក្នុងទន្លេ Sai ខេត្តឈៀងរ៉ៃ ដែលជាដៃទន្លេហូរចាក់ចូលទន្លេមេគង្គ។

ការបំពុលនេះកំពុងគំរាមកំហែងដោយផ្ទាល់ដល់ពលរដ្ឋប្រមាណ ៦៩លាននាក់នៅតាមដងទន្លេមេគង្គ ព្រោះទឹកទន្លេត្រូវបានបូមយកទៅប្រើប្រាស់សម្រាប់ទទួលទាន និងស្រោចស្រពដំណាំលក់លើទីផ្សារធំៗ ដោយសារ ត្រីអណ្តែងទាំងនោះ គឺជាអាហារពេញនិយមរបស់ពលរដ្ឋក្នុងតំបន់ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Naresuan ព្រមានថា ការបរិភោគត្រីដែលមានផ្ទុកសារធាតុលោហៈច្រើន (ដូចជា អាសេនិច បារត សំណ និងកាដមីញ៉ូម) រយៈពេលយូរ អាចបំផ្លាញសរីរាង្គខាងក្នុង និងប៉ះពាល់ដល់ប្រព័ន្ធប្រសាទ។

រដ្ឋាភិបាលថៃបានចាប់ផ្តើមពិគ្រោះយោបល់ជាមួយប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហាអាជីវកម្មរ៉ែនៅរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា ដែលសង្ស័យថាជាប្រភពបំពុលចម្បង និងជំរុញឱ្យភាគីចិន និងមីយ៉ាន់ម៉ា សាងសង់ប្រព័ន្ធទប់ស្កាត់ទឹកកខ្វក់កុំឱ្យហូរចូលទន្លេ៕

Khcct banner

អត្ថបទទាក់ទង