អារីហ្សូណា៖ មនុស្សចំនួន ៣ នាក់បានស្លាប់បាត់បង់ជីវិតទាំងអស់ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនស្រាលមួយគ្រឿងនៅក្នុងឧទ្យានជាតិ Grand Canyon រដ្ឋ Arizona សហរដ្ឋអាម៉េរិក កាលពីយប់ថ្ងៃអាទិត្យ (ទី១៥ ខែវិច្ឆិកា)។ យោងតាមការរាយការណ៍របស់ស្ថានីយទូរទស្សន៍ KPNX និងការបញ្ជាក់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) យន្តហោះម៉ូដែល Piper Comanche ដែលមានដឹកមនុស្ស ៣ នាក់ បានជួបគ្រោះថ្នាក់ធ្លាក់នៅវេលាម៉ោងប្រហែល ៧:១៥ នាទីយប់ ថ្ងៃអាទិត្យ។
ក្រោយទទួលបានដំណឹងអំពីការបាត់ដានយន្តហោះនៅវេលាម៉ោង ១១:៣០ នាទីយប់ នាយកដ្ឋានសន្តិសុខសាធារណៈរដ្ឋ Arizona រួមជាមួយក្រុមស្វែងរក និងជួយសង្គ្រោះពហុស្ថាប័ន បានបើកប្រតិបត្តិការរុករកតាមផ្លូវអាកាសដោយប្រើប្រាស់ឧបករណ៍ចាប់កម្ដៅអ៊ីនហ្វ្រារ៉េដ និងឧបករណ៍មើលឃើញនៅពេលយប់ រហូតដល់ប្រទះឃើញសំណល់យន្តហោះនៅវេលាម៉ោងប្រហែល ១០:១៥ នាទីព្រឹក ថ្ងៃចន្ទ (ទី១៦ ខែវិច្ឆិកា) នៅតំបន់ Basin ត្រង់ផ្នែកខាងជើង (North Rim) ដែលជាតំបន់ដាច់ស្រយាលមួយនៃឧទ្យាន។
អាជ្ញាធរបានបញ្ជាក់ថា គ្មានអ្នកណាម្នាក់នៅរស់រានមានជីវិតក្នុងហេតុការណ៍នេះឡើយ ខណៈដែលអត្តសញ្ញាណរបស់ជនរងគ្រោះទាំង ៣ រូប នៅមិនទាន់ត្រូវបានបញ្ចេញឱ្យដឹងជាសាធារណៈនៅឡើយទេ។ បច្ចុប្បន្ន ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាម៉េរិក (NTSB) បានបញ្ជូនអ្នកស៊ើបអង្កេតចុះទៅដល់ទីតាំងកើតហេតុ ដើម្បីកត់ត្រាទិន្នន័យ និងប្រមូលសំណល់យន្តហោះយកទៅរក្សាទុកនៅទីតាំងសុវត្ថិភាព សម្រាប់ធ្វើការវិភាគលម្អិតដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ៕