វ៉ាស៊ីនតោន៖ ចៅក្រមសហព័ន្ធសហរដ្ឋអាម៉េរិកមួយរូប បានចេញដីកាសម្រេចលុបចោលគោលនយោបាយរបស់រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលមានបំណងកាត់បន្ថយយ៉ាងខ្លាំងនូវរយៈពេលស្នាក់នៅក្នុងសហរដ្ឋអាម៉េរិក សម្រាប់និស្សិត និងអ្នកសារព័ត៌មានបរទេស ដោយចាត់ទុកថាវិធានការនេះគឺខុសច្បាប់ និងប៉ះពាល់ដល់ឱកាសអប់រំអន្តរជាតិ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងជំទាស់ពីសំណាក់ក្រុមចម្រុះដែលតំណាងឱ្យសាកលវិទ្យាល័យ សាស្ត្រាចារ្យ និងអ្នកសារព័ត៌មាន ប្រឆាំងនឹងបទប្បញ្ញត្តិថ្មីដែលគ្រោងនឹងចូលជាធរមានតាំងពីខែកញ្ញាមក។
បើតាមលោកចៅក្រម Dennis Saylor បានលើកឡើងនៅក្នុងដីកាសម្រេចរបស់លោកថា គោលនយោបាយរបស់ក្រសួងសន្តិសុខមាតុភូមិ (DHS) នេះ គឺ «ធ្វើឡើងតាមអំពើចិត្ត គ្មានហេតុផលសមស្រប ជាការប្រើប្រាស់អំណាចសម្រេចចិត្តខុសឆ្គង និងមិនស្របតាមច្បាប់។ លោកចៅក្រម Saylor បានសង្កត់ធ្ងន់ថា គោលនយោបាយនេះបានរារាំងសកម្មភាពដែលសភាអាម៉េរិកលើកទឹកចិត្ត ពោលគឺការផ្តល់ឱកាសអប់រំដល់និស្សិតបរទេស ដោយវានឹងបង្កឧបសគ្គដល់និស្សិតដែលត្រូវសិក្សារយៈពេលយូរ ដូចជាថ្នាក់បណ្ឌិត (PhD) ការសិក្សាសញ្ញាបត្ររួម ឬការផ្លាស់ប្តូរជំនាញសិក្សា។
គួររម្លឹកថាតាមគោលនយោបាយដែលត្រូវបានលុបចោលនោះ និស្សិតអន្តរជាតិនឹងត្រូវបានកំណត់ឱ្យស្នាក់នៅអតិបរមាត្រឹម ៤ ឆ្នាំប៉ុណ្ណោះ (ជំនួសឱ្យការអនុញ្ញាតឱ្យស្នាក់នៅពេញមួយរយៈពេលសិក្សាដូចមុន) ខណៈដែលអ្នកសារព័ត៌មានបរទេសនឹងត្រូវបានកំណត់ឱ្យស្នាក់នៅត្រឹម ២៤០ ថ្ងៃ (ប្រហែល ៨ ខែ) មុននឹងត្រូវដាក់ពាក្យស្នើសុំពន្យារពេល។ ជុំវិញដីកាសម្រេចនេះ រដ្ឋបាលលោក ត្រាំ បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ទៅកាន់តុលាការជាន់ខ្ពស់រួចហើយ ដើម្បីការពារវិធានការរឹតត្បិតអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់ខ្លួន ខណៈដែលទិន្នន័យផ្លូវការបង្ហាញថា សហរដ្ឋអាម៉េរិកបានទទួលនិស្សិតអន្តរជាតិជាង ១,១ លាននាក់ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ដែលជាចំនួនច្រើនជាងគេបំផុតលើពិភពលោក៕