Khmer suport khmer cc time

ផ្លូវដើរកម្សាន្តដ៏ល្បីនៅប៉ាតាយ៉ា ប្រែស្ងាត់ជ្រងំ ក្រោយភ្ញៀវទេសចរថយចុះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ រូបភាពជាច្រើនសន្លឹកដែលបង្ហាញពីទិដ្ឋភាពផ្លូវដើរកម្សាន្ត (Walking Street) ដ៏ល្បីល្បាញនៅភាគខាងត្បូងទីក្រុងប៉ាតាយ៉ា ប្រែស្ងប់ស្ងាត់ស្ទើរតែគ្មានមនុស្ស ត្រូវបានចែករំលែកពាសពេញបណ្តាញសង្គម និងបង្កឱ្យមានការជជែកវែកញែក ជុំវិញវិស័យទេសចរណ៍ថៃ ខណៈចំនួនភ្ញៀវទេសចរបរទេសកំពុងធ្លាក់ចុះ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតVN Express។

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ឈ្មោះ Lovely Emilia Nooka កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានបង្ហោះរូបភាព ដោយបង្ហាញពីទិដ្ឋភាពស្ងប់ស្ងាត់នៃតំបន់កម្សាន្តពេលរាត្រីភាគខាងត្បូងប៉ាតាយ៉ានៅម៉ោងប្រមាណ ៦ ព្រឹក បន្ទាប់ពីបារ និងអាហារដ្ឋានជាច្រើនបានបិទទ្វារ។ រូបភាពទាំងនេះបានបង្កឱ្យមានប្រតិកម្មចម្រុះ ដោយមតិខ្លះយល់ថា ការថតនៅម៉ោង ៦ ព្រឹក មិនអាចឆ្លុះបញ្ចាំងពីស្ថានភាពទេសចរណ៍ទាំងមូលបានទេ ប៉ុន្តែក្រុមអាជីវករក្នុងតំបន់បានទទួលស្គាល់ថា ចំនួនភ្ញៀវ និងការចំណាយពិតជាមានការថយចុះជាងមុនមែន។

យោងតាមតួលេខរបស់ក្រសួងទេសចរណ៍ និងកីឡាថៃ ខេត្តឈុនបុរី ដែលជាទីតាំងរបស់ទីក្រុងប៉ាតាយ៉ា បានទទួលភ្ញៀវទេសចរប្រមាណ ២០,១ លាននាក់ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ ពោលគឺធ្លាក់ចុះ ២,០៨% បើធៀបនឹងឆ្នាំមុន ខណៈអត្រាស្នាក់នៅសណ្ឋាគារធ្លាក់ចុះមកត្រឹម ៦១,០៥%។ អាជ្ញាធរមូលដ្ឋានថៃ បានបន្ទោសការធ្លាក់ចុះនេះទៅលើសម្ពាធសេដ្ឋកិច្ចសកល ជម្លោះនៅមជ្ឈិមបូព៌ា ការកើនឡើងនៃថ្លៃថាមពល សំបុត្រយន្តហោះឡើងថ្លៃ និងបញ្ហាសេដ្ឋកិច្ចក្នុងស្រុក។

ដើម្បីទាក់ទាញភ្ញៀវទេសចរឡើងវិញក្នុងរដូវកាលមមាញឹកចុងឆ្នាំ ទីក្រុងប៉ាតាយ៉ាកំពុងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន រួមមាន ពិធីបុណ្យកាហ្វេលើឆ្នេរខ្សាច់ (Coffee on the Beach) ពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិប៉ាតាយ៉ានៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា និងពិធីឆ្លងឆ្នាំសកល ក្នុងគោលបំណងជំរុញកំណើនភ្ញៀវ និងគាំទ្រដល់អាជីវកម្មក្នុងស្រុក៕

Khcct banner

អត្ថបទទាក់ទង