អាម៉េរិក៖ អតិថិជនរាប់ពាន់នាក់បានរាយការណ៍ពីការលំបាកក្នុងការចូលប្រើគណនីតាមអ៊ីនធឺណិតនៅធនាគារធំៗមួយចំនួនរបស់សហរដ្ឋអាម៉េរិក និងសេវាផ្ទេរប្រាក់ Zelle កាលពីថ្ងៃចន្ទ បន្ទាប់ពីបញ្ហាបច្ចេកទេសមួយនៅធនាគារ JPMorgan Chase បានបង្កផលប៉ះពាល់ជាបន្តបន្ទាប់ទៅលើប្រព័ន្ធហិរញ្ញវត្ថុទាំងមូល។ ធនាគារ Chase បានបញ្ជាក់កាលពីថ្ងៃចន្ទថា បញ្ហាបច្ចេកទេសទាំងនេះមិនមែនបណ្តាលមកពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (cyberattack) នោះទេ ហើយធនាគារកំពុងខិតខំដោះស្រាយដើម្បីឱ្យសេវាធនាគារដំណើរការឡើងវិញបាននៅត្រឹមចុងថ្ងៃចន្ទនេះ។ ការរំខាននេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីបញ្ហាបច្ចេកវិទ្យាបានប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក ការដាច់ដំណើរការប្រព័ន្ធរបស់ក្រុមហ៊ុន Microsoft កាលពីថ្ងៃព្រហស្បតិ៍ បានប៉ះពាល់ដល់សេវាកម្មនានា រួមមាន Outlook, Teams និងជំនួយការបញ្ញាសិប្បនិម្មិត (AI) ឈ្មោះ Copilot ជាដើម។
លោក Joe Evangelisti អ្នកនាំពាក្យរបស់ធនាគារបាននិយាយថា ធនាគារ JPMorgan Chase បានជួបប្រទះបញ្ហាបណ្តោះអាសន្នមួយដែលពាក់ព័ន្ធនឹងកំហុសផ្នែកកម្មវិធី (software bug) នៅក្នុងប្រព័ន្ធផ្នែករឹង (hardware system) ផ្ទាល់ខ្លួនរបស់យើងវាមិនពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពតាមអ៊ីនធឺណិតនោះទេ។ លោក Evangelisti បានបញ្ជាក់ថា នេះគឺជាបញ្ហាដែលកើតឡើងចំពោះតែធនាគារ Chase ប៉ុណ្ណោះ។ លោកបាននិយាយថា៖ «នេះមិនមែនជាបញ្ហាដែលប៉ះពាល់ដល់ប្រព័ន្ធទាំងមូលនោះទេ ធនាគារផ្សេងទៀតអាចនឹងជួបប្រទះភាពយឺតយ៉ាវក្នុងការធ្វើប្រតិបត្តិការ ក៏ប៉ុន្តែគឺក្នុងករណីដែលពួកគេមានប្រតិបត្តិការជាមួយយើងតែប៉ុណ្ណោះ»។
អ្នកនាំពាក្យរបស់ធនាគារ U.S. Bank បាននិយាយថា ប្រព័ន្ធរបស់ខ្លួនមិនត្រូវបានប៉ះពាល់ដោយផ្ទាល់នោះទេ ប៉ុន្តែ «អតិថិជនដែលព្យាយាមផ្ញើ ឬទទួលប្រាក់តាមរយៈ Zelle ជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត អាចនឹងជួបប្រទះការពន្យារពេលក្នុងការធ្វើប្រតិបត្តិការ»។
គូររម្លឹកថា Zelle គឺជាប្រព័ន្ធទូទាត់ប្រាក់រវាងបុគ្គលនិងបុគ្គល (peer-to-peer) ដែលធនាគារធំៗនៅសហរដ្ឋអាម៉េរិកប្រើប្រាស់ Zelle គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Early Warning Services ដែលមានមូលដ្ឋាននៅរដ្ឋ Arizona ហើយក្រុមហ៊ុននេះក៏ជាកម្មសិទ្ធិរបស់ស្ថាប័នហិរញ្ញវត្ថុមួយចំនួន រួមមាន Bank of America, Capital One, JPMorgan Chase, PNC Bank, Truist, U.S. Bank និង Wells Fargo។ បញ្ហាបច្ចេកទេសកាលពីថ្ងៃចន្ទផ្តោតសំខាន់ទៅលើអតិថិជនរបស់ធនាគារ Chase និងអតិថិជននៅធនាគារផ្សេងទៀតដែលព្យាយាមធ្វើប្រតិបត្តិការជាមួយធនាគារ Chase។ ធនាគារទាំងនោះ រួមទាំង Bank of America និង Citigroup មិនបានជួបប្រទះបញ្ហាណាមួយចំពោះសេវាធនាគាររបស់ពួកគេឡើយ៕