Khmer suport khmer cc time

និស្សិតចិន ម្នាក់ត្រូវបានជួយសង្រ្គោះក្រោយក្រុមស្កេម«ថៃ»ជំរឹតទាប្រាក់ជិត ៣០ម៉ឺនដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បាងកក៖ កម្លាំងប៉ូលិសអន្តោប្រវេសន៍ថៃ បានបើកប្រតិបត្តិការជួយសង្គ្រោះនិស្សិតជនជាតិចិនអាយុ ១៩ ឆ្នាំម្នាក់ ចេញពីសណ្ឋាគារមួយកន្លែងនៅទីក្រុងប៉ាតាយ៉ា ខេត្តជុនបុរី ដោយសុវត្ថិភាព ក្នុងរយៈពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ បន្ទាប់ពីទទួលបានសំណើសុំកិច្ចអន្តរាគមន៍បន្ទាន់ពីប៉ូលិសប្រទេសចិន ជុំវិញករណីគំរាមទារប្រាក់លោះចំនួន ២ លានយន់ (ប្រហែល ១០ លានបាត) ជិត ៣០ម៉ឺនដុល្លារ។

យោងតាមការចេញផ្សាយរបស់ Thaiger និស្សិតរូបនេះដែលកំពុងសិក្សានៅរដ្ឋ New South Wales ប្រទេសអូស្ត្រាលី ត្រូវបានក្រុមឧក្រិដ្ឋជនមជ្ឈមណ្ឌលទូរសព្ទឆបោក (call-centre gang) លួងលោមឱ្យធ្វើដំណើរមកកាន់ប្រទេសថៃ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា។ លុះដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឪពុកម្តាយរបស់គេនៅប្រទេសចិនបានទទួលវីដេអូរយៈពេល ៦ វិនាទី និងសារតាមរយៈគណនី WeChat របស់កូនប្រុស ដោយក្រុមជនសង្ស័យបានទារប្រាក់លោះចំនួន ២ លានយន់ ព្រមទាំងគំរាមកាត់ដៃរបស់ជនរងគ្រោះចោល ប្រសិនបើមិនបង់ប្រាក់តាមកាលកំណត់នោះទេ។

ភ្លាមៗក្រោយទទួលបានសេចក្តីរាយការណ៍ពីឪពុកម្តាយជនរងគ្រោះ ប៉ូលិសចិនបានស្រាវជ្រាវរកឃើញថានិស្សិតរូបនេះបានធ្វើដំណើរចូលមកប្រទេសថៃ ហើយក៏បានស្នើសុំជំនួយបន្ទាន់ពីភាគីថៃ។ លោកឧត្តមសេនីយ៍ឯកប៉ូលិស ណុបប៉ាស៊ីន ពុលសាវ៉ាត (Noppasin Pulsawat) ប្រធានការិយាល័យអន្តោប្រវេសន៍ថៃ បានបញ្ជូនក្រុមការងារចល័តចុះទៅទីក្រុងប៉ាតាយ៉ា និងតាមដានរកឃើញទីតាំងស្នាក់នៅរបស់និស្សិតរូបនោះ និងបានជួយសង្រ្គោះគេមកវិញដោយសុវត្ថិភាព។

គួររំលឹកថា កាលពីខែមិថុនា ឆ្នាំនេះ ប៉ូលិសថៃក៏ធ្លាប់បានជួយសង្គ្រោះនិស្សិតសាកលវិទ្យាល័យជនជាតិចិនម្នាក់នៅខេត្តសាមុតប្រាកាន ពីល្បិចបោកបន្លំធ្វើពុតជាចាប់ជំរិតទារប្រាក់លោះប្រមាណ ១២,៥ លានបាត ផងដែរ៕

Khcct banner

អត្ថបទទាក់ទង