Khmer suport khmer cc time

ជម្នះរបាំងប្រពៃណី និងគម្លាតអាយុ ២៥ ឆ្នាំ ដំណើររឿងស្នេហាដ៏កម្ររវាងគ្រូ និងសិស្ស រហូតក្លាយជាគូស្វាមីភរិយាប្រធានាធិបតីបារាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ប៉ារីស៖ នៅក្នុងប្រវត្តិសាស្ត្រនយោបាយសម័យទំនើប រឿងរ៉ាវស្នេហារបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងស្ត្រីទីមួយ គឺលោកស្រី Brigitte Macron ត្រូវបានគេចាត់ទុកថាជាទំនាក់ទំនងដ៏ប្លែកខុសពីធម្មតា និងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតមួយនៅលើពិភពលោក។ ចំណងស្នេហ៍ដែលចាប់ផ្តើមចេញពីទំនាក់ទំនងរវាងគ្រូបង្រៀន និងសិស្សវិទ្យាល័យ ជាមួយនឹងគម្លាតអាយុខុសគ្នាដល់ទៅ ២៥ ឆ្នាំនេះ បានឆ្លងកាត់ឧបសគ្គ និងការរិះគន់ជាច្រើនទសវត្សរ៍ មុននឹងឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ និងក្លាយជាគ្រឹះដ៏រឹងមាំនៅពីក្រោយភាពជោគជ័យរបស់មេដឹកនាំកំពូលបារាំងរូបនេះ។

រឿងរ៉ាវស្នេហាដ៏ល្បីល្បាញនេះបានចាប់ផ្តើមឡើងនៅក្នុងឆ្នាំ ១៩៩៣ នៅឯវិទ្យាល័យកាតូលិក Lycée La Providence ក្នុងទីក្រុង Amiens ភាគខាងជើងប្រទេសបារាំង។ នៅពេលនោះ លោក Emmanuel Macron ទើបតែមានអាយុ ១៥ ឆ្នាំ និងជាសិស្សរៀនថ្នាក់ជាមួយកូនស្រីរបស់លោកស្រី Brigitte ប៉ុណ្ណោះ ចំណែកឯលោកស្រី Brigitte (ដែលកាលណោះមាននាមត្រកូលតាមស្វាមីមុនថា Brigitte Auzière) មានអាយុ ៣៩ ឆ្នាំ ជាគ្រូបង្រៀនអក្សរសាស្ត្រ និងដឹកនាំក្លឹបល្ខោនប្រចាំសាលា។ អ្នកទាំងពីរបានចាប់ផ្តើមស្គាល់ និងស្និទ្ធស្នាលគ្នាកាន់តែខ្លាំង នៅពេលដែលពួកគេបានធ្វើការរួមគ្នារៀងរាល់ថ្ងៃសុក្រ ដើម្បីកែសម្រួលសាច់រឿងល្ខោនមួយរបស់អ្នកនិពន្ធ Eduardo De Filippo សម្រាប់យកទៅសម្តែងនៅក្នុងសាលា។ ភាពឆ្លាតវៃ និងទេពកោសល្យហួសវ័យរបស់យុវជន Macron បានធ្វើឱ្យគ្រូបង្រៀនរូបនេះចាប់អារម្មណ៍យ៉ាងខ្លាំង រហូតប្រែក្លាយពីការងារសិល្បៈទៅជាមនោសញ្ចេតនាស្នេហា។

បើតាមទស្សនាវដ្ដី People ទំនាក់ទំនងស្នេហានេះបានបង្កឱ្យមានភាពចម្រូងចម្រាស និងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសង្គមគ្រួសារ និងសហគមន៍ ដោយសារតែលោក Macron នៅជាអនីតិជន ខណៈលោកស្រី Brigitte មានអាយុច្រើនជាងលោកជាងពីរដង ហើយថែមទាំងមានស្វាមី និងកូនៗ ៣ នាក់រួចទៅហើយ (ដែលកូនច្បងរបស់លោកស្រីមានអាយុបងលោក Macron ២ ឆ្នាំទៀតផង)។ ដំបូងឡើយ ឪពុកម្តាយរបស់លោក Macron បានយល់ច្រឡំថា កូនប្រុសរបស់ខ្លួនកំពុងទាក់ទងជាមួយកូនស្រីរបស់លោកស្រី Brigitte ប៉ុន្តែនៅពេលដឹងការពិត ពួកគេបានកើតក្តីបារម្ភយ៉ាងខ្លាំង ហើយក៏សម្រេចចិត្តបញ្ជូនលោក Macron ឱ្យទៅសិក្សាបន្តនៅវិទ្យាល័យ Lycée Henri-IV ក្នុងទីក្រុងប៉ារីស ដើម្បីបំបែកអ្នកទាំងពីរចេញពីគ្នា។ ទោះជាយ៉ាងណាក៏ដោយ លោក Macron នៅវ័យ ១៧ ឆ្នាំ បានសន្យាជាមួយគ្រូបង្រៀនរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ថា៖ «មិនថាអ្នកស្រីធ្វើអ្វីក៏ដោយ ខ្ញុំនឹងរៀបការជាមួយអ្នកស្រី»។

អស់រយៈពេលជាង ១០ ឆ្នាំនៃការឃ្លាតឆ្ងាយពីគ្នា អ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងយ៉ាងស្អិតរមួតតាមរយៈការសរសេរសំបុត្រ និងការហៅទូរសព្ទរាប់ម៉ោង។ លោកស្រី Brigitte បានរៀបរាប់ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Paris Match ថា លោកស្រីបានពន្យារពេលរឿងផ្ទាល់ខ្លួនអស់មួយទសវត្សរ៍ ដើម្បីទុកពេលរៀបចំផ្លូវជីវិត និងការពារផ្លូវចិត្តកូនៗទាំងបីរបស់លោកស្រីសិន មុននឹងសម្រេចចិត្តធ្វើតាមបេះដូងរបស់ខ្លួនឯង។ ចំពោះគម្លាតអាយុ ២៥ ឆ្នាំ បន្ទាប់ពីលោកស្រី Brigitte បានបញ្ចប់នីតិវិធីលែងលះជាផ្លូវការជាមួយអតីតស្វាមី គឺលោក André-Louis Auzière នៅក្នុងខែមករា ឆ្នាំ ២០០៦ អ្នកទាំងពីរក៏បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាយ៉ាងអធិកអធមនៅក្នុងខែតុលា ឆ្នាំ ២០០៧ នៅទីក្រុង Le Touquet ប្រទេសបារាំង។ នៅក្នុងពិធីមង្គលការនោះ លោក Macron ថែមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកូនៗទាំងបីរបស់លោកស្រី Brigitte ដែលបានបើកចិត្តទទួលយកចំណងស្នេហ៍ដ៏ខុសប្លែកពីគេមួយនេះ។

ជាមួយគ្នានេះដែរជ័យជម្នះដ៏ត្រចះត្រចង់របស់លោក Emmanuel Macron ក្នុងការទទួលបានតំណែងជាប្រធានាធិបតីចំនួនពីរអាណត្តិជាប់ៗគ្នា មិនមែនកើតឡើងត្រឹមតែតាមរយៈយុទ្ធសាស្ត្រឡើយប៉ុន្តែវាមានការរួមចំណែកយ៉ាងសំខាន់ពីភរិយា និងជាទីប្រឹក្សាដ៏ជិតស្និទ្ធបំផុតរបស់លោក គឺលោកស្រី Brigitte Macron។

ទោះបីជាមិនបានឈរឈ្មោះបោះឆ្នោតដោយផ្ទាល់ក៏ដោយ ប៉ុន្តែអតីតគ្រូបង្រៀនរូបនេះបានដើរតួនាទីយ៉ាងសកម្មនៅពីក្រោយខ្នង ចាប់តាំងពីការបង្កើតចលនានយោបាយ En Marche! រហូតដល់យុទ្ធនាការឃោសនាបោះឆ្នោតជាតិទាំងមូល។ លោកស្រី Brigitte ត្រូវបានគេស្គាល់ថាជា «អ្នកហ្វឹកហាត់សុន្ទរកថា» (Speech Coach) ដ៏មានឥទ្ធិពលម្នាក់ ដោយសារជំនាញផ្នែកអក្សរសាស្ត្រ និងសិល្បៈនៃការនិយាយ ដែលតែងតែជួយពិនិត្យ កែសម្រួល និងបណ្តុះបណ្តាលស្វាមីលើរបៀបបញ្ចេញសំឡេង កាយវិការ និងការគ្រប់គ្រងអារម្មណ៍មុនពេលឡើងថ្លែងសុន្ទរកថាសំខាន់ៗ ឬការជជែកដេញដោល ៕

Khcct banner

អត្ថបទទាក់ទង