Khmer suport khmer cc time

នាវាដឹកប្រេងឆៅ ៣១៨ លានលីត្រ លិចនៅច្រកសមុទ្រហ័រមូសក្រោយប៉ះទង្គិចមីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អេរ៉ង់៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសកាលពីថ្ងៃអាទិត្យ (ទី១៥ ខែវិច្ឆិកា) ថា កប៉ាល់ដឹកប្រេងខ្នាតយក្សមួយគ្រឿង ដែលផ្ទុកប្រេងឆៅជាង ២ លានបារ៉ែល (៣១៨ លានលីត្រ) បានលិចនៅក្នុងដែនទឹកភាគខាងត្បូងនៃឈូងសមុទ្រពែរ្ស បន្ទាប់ពីបានប៉ះនឹងមីនសមុទ្រ និងបង្កឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងច្រកសមុទ្រហ័រមូស។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កំពុងប្រឈមមុខដាក់គ្នាយ៉ាងតានតឹងនៅច្រកសមុទ្រហ័រមូស ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងកាលពីចុងខែកុម្ភៈមក។

យោងតាមសេចក្តីថ្លែងការណ៍ដែលផ្សាយដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ កប៉ាល់ដែលលិចនេះ គឺជាកប៉ាល់មួយក្នុងចំណោមកប៉ាល់ដឹកប្រេងចំនួន ២ គ្រឿង ដែលបានប៉ះនឹងមីនសមុទ្រ ខណៈកំពុងធ្វើដំណើរឆ្លងកាត់តាមផ្លូវដែលគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់ នៅផ្នែកខាងត្បូងនៃច្រកសមុទ្រយុទ្ធសាស្ត្រនេះ។ ភ្លាមៗអ៊ីរ៉ង់ពុំបានបញ្ជាក់ពីឈ្មោះ ឬប្រភពដើមនៃកប៉ាល់ទាំងនោះឡើយ ហើយក៏មិនទាន់មានការបញ្ជាក់ពីប្រភពឯករាជ្យណាមួយជុំវិញហេតុការណ៍នេះដែរ ខណៈមជ្ឈមណ្ឌលប្រតិបត្តិការជួញដូរផ្លូវសមុទ្រនៃចក្រភពអង់គ្លេស (UKMTO) បានឱ្យដឹងថា ក្រុមនាវិកទាំងអស់មានសុវត្ថិភាព ប៉ុន្តែទំហំនៃការខូចខាត និងផលប៉ះពាល់បរិស្ថាននៅមិនទាន់អាចវាយតម្លៃបានច្បាស់លាស់នៅឡើយទេ។

គួរកត់សម្គាល់ថា ច្រកសមុទ្រហ័រមូស គឺជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលដឹកជញ្ជូនប្រេងប្រមាណមួយភាគប្រាំនៃបរិមាណប្រេងសរុបទូទាំងសកលលោក ហើយការលិចកប៉ាល់ដឹកប្រេងខ្នាតយក្សនេះ អាចនឹងបង្កើនក្តីបារម្ភកាន់តែខ្លាំងទាំងលើសុវត្ថិភាពនាវាចរណ៍ តម្លៃប្រេងសកល និងគ្រោះមហន្តរាយបរិស្ថានសមុទ្រ៕

Khcct banner

អត្ថបទទាក់ទង