Khmer suport khmer cc time

អ៊ីរ៉ង៉ បើកការវាយប្រហារថ្មីដោយដ្រូនលើមូលដ្ឋានយោធាអាម៉េរិកនៅបារ៉ែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បារ៉ែន៖ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបើកការវាយប្រហារតាមផ្លូវអាកាសដោយប្រើប្រាស់យន្តហោះដ្រូនចំនួន ៦ គ្រឿង តម្រង់ទៅកាន់ទីតាំងរ៉ាដាការពារដែនអាកាសរបស់សហរដ្ឋអាម៉េរិក នៅមូលដ្ឋានទ័ពអាកាស Al-Riffa ក្នុងប្រទេសបារ៉ែន កាលពីថ្ងៃអាទិត្យ (ទី១៥ ខែវិច្ឆិកា) ដែលនេះគឺជាការវាយប្រហារលើកទីពីរហើយក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់បានបញ្ជូនដ្រូនទៅវាយប្រហារប្រទេសនៅតំបន់ឈូងសមុទ្រមួយនេះកាលពីថ្ងៃសុក្រកន្លងទៅ។

យោធាបារ៉ែនបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ និងបាញ់បំផ្លាញដ្រូនរបស់អ៊ីរ៉ង់ទាំងនោះបានទាន់ពេលវេលា មុនពេលពួកវាអាចទៅដល់គោលដៅ ខណៈដែលសំឡេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងនៅទូទាំងប្រទេស និងជំរុញឱ្យក្រសួងមហាផ្ទៃអំពាវនាវដល់ប្រជាពលរដ្ឋឱ្យស្វែងរកទីតាំងសុវត្ថិភាព។ ភ្លាមៗក្រោយកើតហេតុ ក្រសួងការបរទេសបារ៉ែនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារមកលើទឹកដីរបស់ខ្លួន និងបានព្រមានថា អ៊ីរ៉ង់ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកដែលកើតមានឡើង។

ការវាយប្រហារជាបន្តបន្ទាប់នេះ បានកើតឡើងចំពេលដែលសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កំពុងប្រឈមមុខដាក់គ្នាយ៉ាងតានតឹងជុំវិញការគ្រប់គ្រងច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នប្រមាណមួយភាគប្រាំរបស់ពិភពលោក។ កងឆ្មាំ IRGC បានប្រកាសបិទច្រកសមុទ្រនេះ និងព្រមានឆ្លើយតបយ៉ាងចាស់ដៃចំពោះរាល់សកម្មភាពឈ្លានពានរបស់អាម៉េរិក ព្រមទាំងបានអះអាងពីការបាញ់ទម្លាក់យន្តហោះដ្រូនឈ្លបយកការណ៍របស់អាម៉េរិកចំនួន ៣ គ្រឿងនៅក្បែរកោះ Qeshm ៕

Khcct banner

អត្ថបទទាក់ទង