សេអ៊ូល៖ ទីភ្នាក់ងារប៉ូលិសទីក្រុងសេអ៊ូល បានប្រកាសកាលពីថ្ងៃសុក្រថា លោក Koo Bon-hyun អតីតនាយកប្រតិបត្តិក្រុមហ៊ុន EXA E&C និងជាសមាជិកជំនាន់ទី ៣ នៃគ្រួសារស្ថាបនិកក្រុមហ៊ុន LG Group ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រោមការសហការជាមួយអង្គការប៉ូលិសអន្តរជាតិ (Interpol) និងត្រូវបាននាំខ្លួនត្រឡប់មកប្រទេសកូរ៉េខាងត្បូងវិញ ដើម្បីប្រឈមមុខនឹងការកាត់ទោសពាក់ព័ន្ធនឹងករណីកែច្នៃតម្លៃភាគហ៊ុន បន្ទាប់ពីបានរត់គេចខ្លួនអស់រយៈពេលជិត ៨ ឆ្នាំ។
យោងតាមការស៊ើបអង្កេត លោក Koo ត្រូវបានសង្ស័យថាបានប្រើប្រាស់ក្រុមហ៊ុនក្លែងក្លាយ (shell companies) ដើម្បីទិញយកក្រុមហ៊ុនចំនួន ២ ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន Kosdaq ដោយមិនប្រើប្រាស់ដើមទុនផ្ទាល់ខ្លួន កាលពីចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៧ រួចផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីជំរុញតម្លៃភាគហ៊ុនឱ្យកើនឡើង និងលក់យកប្រាក់ចំណេញខុសច្បាប់។ ផែនការនេះបានបង្កផលប៉ះពាល់ដល់វិនិយោគិនឯកត្តជនប្រមាណ ១០.០០០ នាក់ ដោយបង្កជាការខាតបង់ប៉ាន់ប្រមាណជាង ២០០ ពាន់លានវ៉ុន (ស្មើនឹង ១៤៩ លានដុល្លារអាម៉េរិក) បន្ថែមពីលើការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តពាក់ព័ន្ធនឹងទឹកប្រាក់ប្រមាណ ១២,៣ ពាន់លានវ៉ុនផ្សេងទៀត។
លោក Koo បានរត់គេចចេញពីប្រទេសកូរ៉េខាងត្បូងកាលពីខែតុលា ឆ្នាំ ២០១៨ ដោយធ្វើដំណើរឆ្លងកាត់ប្រទេសហូឡង់ បារាំង និងថៃ មុនពេលមកលាក់ខ្លួននៅប្រទេសកម្ពុជា ហើយអង្គការ Interpol ក៏បានចេញ «សេចក្តីជូនដំណឹងពណ៌ក្រហម» (Red Notice) ដើម្បីតាមចាប់ខ្លួនលោកតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ មន្ត្រីប៉ូលិសជាន់ខ្ពស់ក្រុងសេអ៊ូលបានឱ្យដឹងថា ជនសង្ស័យត្រូវបានប៉ូលិសកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី ២៥ ខែសីហា ក្នុងអំឡុងពេលយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្ម និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅកម្ពុជា មុននឹងត្រូវបានបញ្ជូនត្រឡប់មកកាន់ប្រទេសកូរ៉េខាងត្បូង និងគ្រោងបញ្ជូនសំណុំរឿងទៅកាន់រដ្ឋអាជ្ញានៅសប្តាហ៍ក្រោយ៕