Khmer suport khmer cc time

បុកតកន្ទុយរថយន្ត ២៣ គ្រឿងនៅអារ៉ាប់រួម បណ្តាលឱ្យមនុស្ស ១៤ នាក់ស្លាប់ និង ៣០ នាក់រងរបួស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាប៊ូដាប៊ី៖ មនុស្សយ៉ាងតិច ១៤ នាក់បានបាត់បង់ជីវិត និង ៣០ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលពាក់ព័ន្ធនឹងយានយន្តសរុបចំនួន ២៣ គ្រឿង នៅក្នុងទីក្រុង Fujairah ភាគខាងកើតនៃប្រទេសអារ៉ាប់រួម កាលពីមុនពាក់កណ្តាលអធ្រាត្រ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃ គ្រោះថ្នាក់នេះបានកើតឡើងនៅត្រង់ច្រកចូលនៃរដ្ឋ Fujairah នៅពេលដែលរថយន្តដឹកទំនិញមួយគ្រឿងបានបាត់បង់ការគ្រប់គ្រង ហើយបុកជាមួយយានយន្តមួយផ្សេងទៀត មុនពេលក្រឡាប់ និងជ្រុលទៅបុកយានយន្តជាច្រើនគ្រឿងទៀត (រួមទាំងរថយន្តដឹកទំនិញចំនួន ៥ គ្រឿង) ដែលកំពុងឈប់តម្រង់ជួរ។ ការប៉ះទង្គិចគ្នាយ៉ាងពេញទំហឹងនេះ បានបណ្តាលឱ្យរថយន្តដឹកទំនិញនោះផ្ទុះឆេះ ហើយអណ្តាតភ្លើងបានឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅទៅកាន់យានយន្តផ្សេងទៀតជាច្រើនគ្រឿង ដែលបង្កឱ្យមានការបាត់បង់ជីវិតមនុស្សយ៉ាងច្រើន។

ប៉ូលិសទីក្រុង Fujairah បានឱ្យដឹងថា ជនរងគ្រោះដែលរងរបួសទាំង ៣០ នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយក្នុងនោះពាក់កណ្តាលត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យវិញហើយ បន្ទាប់ពីទទួលបានការព្យាបាល ខណៈដែលអ្នកផ្សេងទៀតកំពុងបន្តសម្រាកព្យាបាលនៅឡើយ។ ទន្ទឹមនឹងនេះ ក្រុមជំនាញកំពុងប្រើប្រាស់ការធ្វើតេស្ត DNA ដើម្បីកំណត់អត្តសញ្ញាណសាកសពជនរងគ្រោះ ដែលត្រូវបានរងការឆាបឆេះ។

អាជ្ញាធរអារ៉ាប់រួមបានបញ្ជាក់ថា ជនរងគ្រោះនៅក្នុងឧបទ្ទវហេតុនេះ រួមមានពលរដ្ឋមកពីប្រទេសអារ៉ាប់រួម អូម៉ង់ ឥណ្ឌា ប្រេស៊ីល ប៉ាគីស្ថាន ហ្ស៊កដានី និងអេហ្ស៊ីប។ ភ្លាមៗក្រោយកើតហេតុ ស្ថានកុងស៊ុលឥណ្ឌាប្រចាំប្រទេសអារ៉ាប់រួម ក៏បានប្រកាសថាខ្លួនបានទាក់ទងទៅកាន់ក្រុមគ្រួសារជនរងគ្រោះ និងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីផ្តល់ជំនួយ និងការគាំទ្រចាំបាច់នានា៕

Khcct banner

អត្ថបទទាក់ទង