Khmer suport khmer cc time

អ៊ីរ៉ង់ ព្រមាននឹងវាយប្រហាររយៈចម្ងាយឆ្ងាយមិនធ្លាប់មាន បើអាម៉េរិកហ៊ានវាយអ៊ីរ៉ង់ម្តងទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Mohsen Rezaei មេដឹកនាំសន្តិសុខរបស់អ៊ីរ៉ង់

ទីក្រុងតេអេរ៉ង់៖ លោក Mohsen Rezaei មេដឹកនាំសន្តិសុខរបស់អ៊ីរ៉ង់ បានគំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកដែលស្ថិតនៅក្រៅតំបន់មជ្ឈិមបូព៌ា រួមទាំងមូលដ្ឋាននៅអឺរ៉ុប ប្រសិនបើទីតាំងទាំងនោះត្រូវបានប្រើប្រាស់ដើម្បីធ្វើការវាយប្រហារប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Mayadeen ដែលមានមូលដ្ឋាននៅប្រទេសលីបង់ ហើយត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃពុធ លោក Rezaei បាននិយាយថា៖ «ប្រសិនបើមានយន្តហោះអាម៉េរិកហោះចេញពីមូលដ្ឋានយោធាអាម៉េរិកណាមួយ ទោះបីជាមូលដ្ឋាននោះស្ថិតនៅក្នុងប្រទេសអឺរ៉ុប ឬតំបន់ឆ្ងាយផ្សេងទៀតក៏ដោយដើម្បីទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ នោះយើងនឹងវាយប្រហារមូលដ្ឋានទាំងនោះដែរ។

លោកក៏បានបញ្ជាក់ដែរថា ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះការវាយប្រហារថ្មីពីសំណាក់សហរដ្ឋអាម៉េរិក នឹង កំណត់គោលដៅទៅលើទីតាំងយោធាអាម៉េរិកដែលនៅឆ្ងាយជាងនេះ រួមទាំងទីតាំងដែលយើងមិនទាន់បានវាយប្រហារពីមុនមកផងដែរ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថាជាទីតាំងណាខ្លះនោះទេ។លោកបានបន្ថែមទៀតនៅក្នុងបទសម្ភាសន៍ដែលធ្វើឡើងនៅទីក្រុងតេអេរ៉ង់នោះថា៖ «យើងថែមទាំងអាចវាយប្រហារកោះមួយចំនួន ដែលពួកគេគិតថាស្ថិតនៅក្រៅវិសាលភាពនៃមីស៊ីលរបស់យើងទៀតផង»។

នៅក្នុងបទសម្ភាសន៍ដដែលនោះ លោកបានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យសារធាតុនុយក្លេអ៊ែរដែលបានចម្រាញ់រួច សូម្បីតែបន្តិចបន្តួចក៏ដោយ ត្រូវបាននាំចេញពីប្រទេសឡើយ។ លោក Rezaei បាននិយាយថា៖ «យើងត្រូវការសារធាតុដែលបានចម្រាញ់រួចទាំងនោះ ដើម្បីរចនាប្លង់នាវា និងនាវាមុជទឹកដែលដំណើរការដោយថាមពលនុយក្លេអ៊ែរ»។ លោកបានបន្ថែមថា ទីក្រុងតេអេរ៉ង់បានជូនដំណឹងទៅកាន់ទីក្រុងមូស្គូថា សារធាតុនុយក្លេអ៊ែរដែលបានចម្រាញ់រួចរបស់ខ្លួននឹងនៅតែរក្សាទុកក្នុងប្រទេស ហើយ «យើងនឹងប្រើប្រាស់វាដោយខ្លួនឯង»។

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានប៉ាន់ប្រមាណថា អ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់ដល់កម្រិត ៦០ ភាគរយ ចំនួន ៤៤០,៩ គីឡូក្រាម ដែលជាកម្រិតខ្ពស់លើសពីតម្រូវការសម្រាប់ការប្រើប្រាស់ក្នុងវិស័យស៊ីវិល នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកបានវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីខែមិថុនា ឆ្នាំ ២០២៥ នៅមិនច្បាស់ទេថា តើសារធាតុទាំងនោះនៅសល់ចំនួនប៉ុន្មានបន្ទាប់ពីការវាយប្រហារ។ ទាំងអ៊ីស្រាអែល សហរដ្ឋអាម៉េរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានចោទប្រកាន់អ៊ីរ៉ង់ជាយូរមកហើយថា កំពុងព្យាយាមបង្កើតអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែអ៊ីរ៉ង់បានបដិសេធការចោទប្រកាន់នេះ៕

Khcct banner

អត្ថបទទាក់ទង