Khmer suport khmer cc time

ចរចាសន្តិភាព ២ ថ្ងៃ រុស្ស៊ី-អ៊ុយក្រែនសម្រេចបានត្រឹមតែដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំប៉ុណ្ណោះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាប៊ូដាប៊ី៖ រុស្ស៊ី និងអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃពុធថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍លើការដោះដូរអ្នកទោសសង្គ្រាមទ្រង់ទ្រាយធំមួយ បន្ទាប់ពីកិច្ចចរចារយៈពេលពីរថ្ងៃនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម (UAE) ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាម៉េរិក បានបញ្ចប់ទៅដោយគ្មានលទ្ធផលសំខាន់ណាមួយក្នុងការបញ្ចប់សង្គ្រាមដែលអូសបន្លាយជិត ៥ ឆ្នាំមកនេះ។

លោក Jared Kushner បេសកជនពិសេស និងជាកូនប្រសារបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានហៅការដោះលែងអ្នកទោសក្នុងលក្ខណៈមនុស្សធម៌នេះថាជា «ចំណុចវិជ្ជមានមួយ» ដែលនឹងជួយកសាងទំនុកចិត្ត និងបង្កើតកម្លាំងរុញច្រានឆ្ពោះទៅរកសន្តិភាព ខណៈមន្ត្រីយោធារុស្ស៊ីបានបង្ហើបថា ការដោះដូរដ៏ធំបំផុតមួយនេះអាចនឹងកើតឡើងក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ខាងមុខ។ ជាជំហានបន្ទាប់ លោក Kushner និងលោក Steve Witkoff គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបជាមួយប្រធានាធិបតី លោក Vladimir Putin មុននឹងបន្តដំណើរទៅកាន់ទីក្រុង Dublin ប្រទេសអៀរឡង់ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy។

លោក Zelenskyy បានស្វាគមន៍ចំពោះការដោះដូរអ្នកទោស ប៉ុន្តែបានបញ្ជាក់ជាថ្មីថា អ៊ុយក្រែននឹងមិនប្រគល់ទឹកដីជាថ្នូរនឹងសន្តិភាពឡើយ ហើយបានសង្កត់ធ្ងន់ថា ការបញ្ចប់សង្គ្រាមដោយគ្មានការចូលរួមពីបណ្តាប្រទេសអឺរ៉ុប គឺជារឿងអយុត្តិធម៌ និងមិនអាចទៅរួចនោះទេ។

ជាមួយគ្នានេះដែរ វិមានក្រឹមឡាំងនៅតែបន្តជំទាស់នឹងវត្តមានដោយផ្ទាល់របស់តំណាងអឺរ៉ុបនៅក្នុងតុចរចាបច្ចុប្បន្ន ដោយចោទថាអឺរ៉ុបកំពុងបន្តផ្តល់ហិរញ្ញប្បទាន និងអាវុធដល់អ៊ុយក្រែន៕

Khcct banner

អត្ថបទទាក់ទង