ហាណូយ៖ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានដាក់ចេញនូវលក្ខខណ្ឌថ្មីមួយ ដោយតម្រូវឱ្យនាយក ឬនាយករងសាលាចំណេះទូទៅយ៉ាងតិចម្នាក់ ត្រូវមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ដើម្បីអាចធ្វើការងារ និងទំនាក់ទំនងដោយផ្ទាល់ជាមួយជនបរទេសបាន ក្រោមគម្រោងជំរុញភាសាអង់គ្លេសឱ្យក្លាយជាភាសាទីពីរនៅតាមគ្រឹះស្ថានសិក្សា។
យោងតាមសារាចរណែនាំរបស់ក្រសួងអប់រំវៀតណាម ដែលនឹងចូលជាធរមាននៅថ្ងៃទី១៩ ខែធ្នូ ខាងមុខ គ្រឹះស្ថានសិក្សាចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់សាកលវិទ្យាល័យ នឹងត្រូវបែងចែកការវាយតម្លៃជា ៣កម្រិត (Level 1 ដល់ Level 3) ដោយកម្រិតទី៣ គឺជាស្តង់ដារខ្ពស់បំផុត។ ដើម្បីទទួលបានការវាយតម្លៃកម្រិតទី១ ឬកម្រិតទី២ សាលារៀនត្រូវមាននាយក ឬនាយករងយ៉ាងតិចម្នាក់ចេះភាសាអង់គ្លេសស្ទាត់ជំនាញ ចំណែកឯការឈានទៅដល់កម្រិតទី៣ គឺតម្រូវឱ្យមានថ្នាក់ដឹកនាំសាលាយ៉ាងតិច ២រូប មានសមត្ថភាពភាសាអង់គ្លេសកម្រិតខ្ពស់។ បច្ចុប្បន្ន សាលារៀននៅវៀតណាមនីមួយៗ មាននាយកម្នាក់ និងនាយករងយ៉ាងតិច ២នាក់។
បន្ថែមពីលើសមត្ថភាពថ្នាក់ដឹកនាំ សាលាចំណេះទូទៅក៏នឹងត្រូវឆ្លងកាត់ការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យចំនួន ៦ ផ្សេងទៀត រួមមាន៖ បរិយាកាសនៃការនិយាយភាសាអង់គ្លេសក្នុងសាលា ផែនការបង្រៀន ធនធានសិក្សា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបរិវត្តកម្មឌីជីថល ព្រមទាំងកម្រិតសមត្ថភាពរបស់គ្រូបង្រៀន សិស្សានុសិស្ស និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើសកម្មភាពអប់រំជាភាសាអង់គ្លេស។
គួររម្លឹកថា រដ្ឋាភិបាលវៀតណាម បានអនុម័តគម្រោងអប់រំភាសាអង់គ្លេសនេះកាលពីខែតុលា ឆ្នាំមុន ក្នុងគោលបំណងលើកកម្ពស់គុណភាពបង្រៀន និងបង្កើតបរិស្ថានប្រើប្រាស់ភាសាអង់គ្លេស ដើម្បីត្រៀមលក្ខណៈឱ្យសិស្សានុសិស្សធ្វើសមាហរណកម្មជាមួយពិភពលោក។ ក្រោមក្របខណ្ឌនេះ សាលាចំណេះទូទៅទាំងអស់នៅវៀតណាម ត្រូវបង្រៀនភាសាអង់គ្លេសជាមុខវិជ្ជាកាតព្វកិច្ចចាប់ពីថ្នាក់ទី១ តទៅ ហើយក្រសួងអប់រំវៀតណាម មានមហិច្ឆតាឱ្យសិស្សានុសិស្សនៅទូទាំងប្រទេស អាចប្រើប្រាស់ភាសាអង់គ្លេសជាភាសាទីពីរនៅត្រឹមឆ្នាំ២០៣៥៕