Khmer suport khmer cc time

អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាម៉េរិកស្លាប់ក្នុងវ័យ ៦៦ ឆ្នាំ ខណៈមូលហេតុពិតប្រាកដមិនទាន់ទម្លាយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីល្ងាចថ្ងៃពុធ (ទី១១ ខែវិច្ឆិកា) ថា លោក Alexander Darchiev ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាម៉េរិក បានទទួលមរណភាពភ្លាមៗក្នុងវ័យ ៦៦ ឆ្នាំ បន្ទាប់ពីបានកាន់តំណែងនេះរយៈពេលមួយឆ្នាំកន្លះ។ ទីក្រុងមូស្គូមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការទទួលមរណភាពនេះទេ។

បើតាមក្រសួងបរទេសរុស្ស៊ី លោក Darchiev ជា អ្នកការទូតដ៏ឆ្នើម មេដឹកនាំដែលមានបទពិសោធន៍ និងជាមិត្តរួមការងារដ៏ល្អម្នាក់ ដោយលោកត្រូវបានតែងតាំងឱ្យកាន់តំណែងនេះកាលពីខែមីនា ឆ្នាំ ២០២៥ ។មុនពេលកាន់តំណែងនេះ លោក Darchiev ធ្លាប់ជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកាណាដា ចន្លោះឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២១។ លោកត្រូវបានតែងតាំងឱ្យកាន់តំណែងប្រចាំសហរដ្ឋអាម៉េរិកកាលពីឆ្នាំមុន គឺមិនយូរប៉ុន្មានបន្ទាប់ពីលោក ដូណាល់ ត្រាំ (Donald Trump) បានវិលត្រឡប់មកកាន់អំណាចវិញ ហើយក្នុងអំឡុងពេលដែលរុស្ស៊ីកំពុងធ្វើប្រតិបត្តិការយោធានៅអ៊ុយក្រែន។

ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានឱ្យដឹងថា លោក Darchiev បានទទួលមរណភាពកាលពីថ្ងៃពុធ នៅទីក្រុងមូស្គូ។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានថ្លែងថា៖ «យើងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ឯកអគ្គរដ្ឋទូត Darchiev។ សម្រាប់ព័ត៌មានលម្អិតបន្ថែមជុំវិញការទទួលមរណភាពរបស់លោក សូមទាក់ទងទៅកាន់រដ្ឋាភិបាលរុស្ស៊ី»៕

Khcct banner

អត្ថបទទាក់ទង