Khmer suport khmer cc time

នាយកប្រតិបត្តិរបស់ NVIDIA ប្រឈមនឹងការដកតំណែង ក្រោយពាក់ព័ន្ធជាមួយចារនារីចិន ធ្វើឱ្យភាគហ៊ុនខាតបង់អស់ ៣០០ ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia (NVDA.O) កំពុងត្រៀមដកតំណែងលោក Jensen Huang ចេញពីអគ្គនាយកប្រតិបត្តិ បន្ទាប់ពីលោកបានប្រព្រឹត្តអំពើអាស្រូវផ្លូវភេទលួចលាក់ (លួចមានស្រី) ចំនួន ២ លើក ដោយក្នុងនោះមានទំនាក់ទំនងមួយ ជាមួយស្ត្រីដែលគេសង្ស័យថាជាចារនារី (Spy) របស់ចិន និងម្នាក់ទៀតជាជំនួយការផ្ទាល់របស់លោក។ នេះបើយោងតាមរបាយការណ៍របស់កាសែត Wall Street Journal ដោយផ្អែកលើប្រភពដែលជិតស្និទ្ធ របាយការណ៍បន្ថែមថា ក្រុមប្រឹក្សាភិបាលកំពុងត្រៀមជួបប្រជុំគ្នានៅថ្ងៃពុធនេះ ដើម្បីសម្រេចលើវាសនារបស់លោក។

មុននេះបន្តិចក្នុងថ្ងៃដដែល កាសែត New York Times បានរាយការណ៍ថា លោក Huang មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយថ្នាក់ដឹកនាំស្រីម្នាក់ក្នុងក្រុមហ៊ុន ដែលជាអ្នករាយការណ៍ការងារផ្ទាល់ជូនរូបលោក។ កាសែត New York Times បានបញ្ជាក់ដោយផ្អែកលើបុគ្គលិក ៥ រូបក្នុងក្រុមហ៊ុនថា ស្ត្រីរូបនោះគឺអ្នកស្រី Kimberly Powell ដែលជាអនុប្រធានផ្នែកសុខាភិបាល (VP of Healthcare) របស់ Nvidia។ ខាងក្រុមហ៊ុន Nvidia មិនទាន់ឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយភ្លាមៗនៅឡើយទេ ហើយភ្នាក់ងារសារព័ត៌មាន Reuters ក៏មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍នេះដោយផ្ទាល់បាននៅឡើយដែរ។

អ្នកស្រី Kimberly Powell ដែលជាអនុប្រធានផ្នែកសុខាភិបាល និងជាជំនួយការរបស់លោក 

ព័ត៌មានលេចឮនៅថ្ងៃពុធនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Huang បានទទួលស្គាល់ថាខ្លួនពិតជាបានក្បត់ចិត្តភរិយារបស់លោកមែន ខណៈដែលក្រុមប្រឹក្សាភិបាលរបស់ Nvidia កំពុងស៊ើបអង្កេតមើលថា តើរូបលោកត្រូវបានគេកំណត់គោលដៅ ក្នុងប្រតិបត្តិការការពារសម្ងាត់/ចារកម្មរបស់បរទេសដែរឬយ៉ាងណា។ ការទម្លាយព័ត៌មានចុងក្រោយនេះ បានបង្កើនកម្ដៅនៃអាស្រូវ ដែលកំពុងរងការស៊ើបអង្កេតយ៉ាងដិតដល់ពីសំណាក់អ្នកច្បាប់ អ្នកវិនិយោគ និងក្រុមប្រឹក្សាភិបាល Nvidia លើប្រវត្តិសីលធម៌របស់លោក Huang និងទំនាក់ទំនងរបស់លោកជាមួយស្ត្រីឈ្មោះ Alice Huang ដែលត្រូវបានភ្នាក់ងារសម្ងាត់អាម៉េរិកបញ្ជាក់ថា បានជួយសម្រួលដល់ការដឹកជញ្ជូនឈីប Nvidia ទៅឱ្យក្រុមហ៊ុនចិន។

គួរកត់សម្គាល់ថាភាគហ៊ុនរបស់ Nvidia បានធ្លាក់ចុះប្រមាណ ៨% ក្នុងការជួញដូរបន្ទាប់ពីម៉ោងធ្វើការ (after-hours trading)។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានខាតបង់តម្លៃទីផ្សារអស់ជាង ៣០០ ប៊ីលានដុល្លារ (300 billion USD) ចាប់តាំងពីព័ត៌មាននៃអាស្រូវស្នេហាជាមួយ Alice Huang បានផ្ទុះឡើង៕

Khcct banner

អត្ថបទទាក់ទង