Khmer suport khmer cc time

កងទ័ពមីយ៉ាន់ម៉ា ថា ខ្លួនវាយដណ្តើមបាន«ទីបញ្ជាការ និងមូលដ្ឋានទ័ពក្រុមប្រឆាំង»ចំនួន ១១កន្លែង នៅភាគខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

យ៉ាងហ្គូន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា កងកម្លាំងយោធាមីយ៉ាន់ម៉ា បានវាយដណ្តើមបានទីបញ្ជាការយោធាតំបន់ពិសេសរបស់កងកម្លាំងប្រឆាំង ព្រមទាំងមូលដ្ឋានប្រតិបត្តិការចំនួន ១០ផ្សេងទៀត នៅតំបន់ព្រៃតាមព្រំប្រទល់រវាងរដ្ឋ Mon និងតំបន់ Bago ភាគខាងត្បូងប្រទេស ក្នុងប្រតិបត្តិការយោធារយៈពេល ៦ថ្ងៃ។

យោងតាមសារព័ត៌មានរដ្ឋ Myanma Alinn ទីតាំងដែលត្រូវបានវាយដណ្តើមបាន រួមមានទីបញ្ជាការបញ្ជាការដ្ឋានតំបន់ពិសេសរបស់រដ្ឋាភិបាលរួបរួមជាតិ (NUG) និងទីបញ្ជាការសំខាន់របស់សហភាពជាតិការ៉េន (KNU)។ កងទ័ពមីយ៉ាន់ម៉ា បានបញ្ជាក់ថា ខ្លួនបានរឹបអូសបាននូវអាវុធធុនស្រាល គ្រាប់រំសេវ យានយន្ត ដ្រូន និងឧបករណ៍កុំព្យូទ័រមួយចំនួន បន្ទាប់ពីមានការប៉ះទង្គិចគ្នាចំនួន ៤លើក។

គួរបញ្ជាក់ថា ទីតាំងប្រយុទ្ធគ្នានេះ មានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ ភាគឥសាននៃទីក្រុងយ៉ាងហ្គូន ហើយធ្លាប់ជាចំណុចក្តៅនៃសមរភូមិប្រយុទ្ធ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ មក។

គិតមកទល់ពេលនេះ ខាងភាគីរដ្ឋាភិបាលរួបរួមជាតិ (NUG) និងសហភាពជាតិការ៉េន (KNU) មិនទាន់ចេញមុខឆ្លើយតប ឬបញ្ជាក់ជាផ្លូវការជុំវិញរបាយការណ៍នៃការបាត់បង់ទីតាំងឈរជើងទាំងនេះនៅឡើយទេ ខណៈកងទ័ពរដ្ឋាភិបាលភូមាប្រកាសថានឹងបន្តប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់នោះបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង