ព្យុងយ៉ាង៖ កូរ៉េខាងជើងបានសម្តែងការសោកស្តាយចំពោះការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានជំរុញឱ្យកូរ៉េទាំងពីរសម្រាលភាពតានតឹងតាមរយៈការសន្ទនា បន្ទាប់ពីមានហេតុការណ៍ផ្ទុះមីននៅតាមព្រំដែន។ ក្នុងនោះ កូរ៉េខាងជើងបានចោទប្រកាន់លោកអគ្គលេខាធិការថា បានលំអៀងទៅខាងទីក្រុងសេអ៊ូល។ លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គុយទែរ៉េស (Antonio Guterres) បានបង្ហាញឥរិយាបថ «លំអៀង និងគ្មានការទទួលខុសត្រូវ» ដោយបាននិយាយគាំទ្រការអះអាងឯកតោភាគីរបស់កូរ៉េខាងត្បូង ពាក់ព័ន្ធនឹងហេតុការណ៍ផ្ទុះកាលពីខែកញ្ញា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA លោកស្រី គីម បានលើកឡើងថា៖ «អាកប្បកិរិយារបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបាននិយាយតាមសម្តីរបស់អ្នកបង្កហេតុ និងការពារពួកគេ ដោយមិនបានយល់ដឹងច្បាស់លាស់អំពីការពិតនោះ គឺមិនបានជួយអ្វីដល់ការបន្ធូរបន្ថយភាពតានតឹងឡើយ»។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វាន ឌូហ្សារិក (Stephane Dujarric) បានប្រាប់អ្នកសារព័ត៌មានថា លោក ហ្គុយទែរ៉េស បានលើកទឹកចិត្តឱ្យកូរ៉េទាំងពីរចាប់ផ្តើមការសន្ទនាឡើងវិញ រួមទាំងកិច្ចសន្ទនាកម្រិតយោធា ដើម្បីចៀសវាងហេតុការណ៍គ្រោះថ្នាក់ដោយអចេតនា។
គួររម្លឹកថាភាពតានតឹងតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីមានហេតុការណ៍ផ្ទុះមីននៅក្នុងតំបន់គ្មានយោធា (DMZ) កាលពីខែកញ្ញា ដែលបានបណ្តាលឱ្យទាហានកូរ៉េខាងត្បូងមួយចំនួនរងរបួសធ្ងន់ធ្ងរ ខណៈពួកគេកំពុងបំពេញបេសកកម្មឈ្លបយកការណ៍។ ទីក្រុងសេអ៊ូលបានអះអាងថា ការផ្ទុះនេះបង្កឡើងដោយមីនរបស់កូរ៉េខាងជើង។ ចំណែកទីក្រុងព្យុងយ៉ាងវិញ បានបដិសេធការទទួលខុសត្រូវចំពោះហេតុការណ៍ផ្ទុះមីននេះ ដោយអះអាងថា កងទ័ពរបស់ខ្លួនកំពុងប្រតិបត្តិការនៅក្នុងតំបន់ DMZ ដើម្បីពង្រឹងព្រំដែន ហើយមិនបានរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ឬច្បាប់អន្តរជាតិឡើយ៕