Khmer suport khmer cc time

កិច្ចចរចាសន្តិភាព«អ៊ុយក្រែន-រុស្ស៊ី»ដែលមានអាម៉េរិកសម្របសម្រួល ចាប់ផ្តើមជាផ្លូវការនៅក្រុងអាប៊ូដាប៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាប៊ូដាប៊ី៖ អ្នកចរចាមកពីប្រទេសអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាម៉េរិក នឹងជួបពិភាក្សាគ្នានៅទីក្រុងអាប៊ូដាប៊ី នៅថ្ងៃអង្គារ (ទី១០ ខែវិច្ឆិកា) នេះដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះដ៏អាក្រក់បំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ នេះគឺជាកិច្ចប្រជុំលើកដំបូងក្នុងរយៈពេលជាង ៩ ខែមកនេះ ខណៈដែលរដូវរងានៃសង្គ្រាមមួយទៀតកំពុងឈានចូលមកដល់។ យោងតាមការចេញផ្សាយរបស់ CNA បណ្តាប្រទេសនៅអឺរ៉ុប ដែលមានក្តីបារម្ភចំពោះការលើកឡើងរបស់លោក ដូណាល់ ត្រាំ អំពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងមូស្គូជុំវិញបញ្ហាសន្តិសុខអឺរ៉ុប មុនពេលកិច្ចចរចានេះចាប់ផ្តើម ក៏នឹងបញ្ជូនតំណាងរបស់ខ្លួនទៅកាន់ទីក្រុងអាប៊ូដាប៊ីផងដែរ។

ចាប់តាំងពីត្រឡប់មកកាន់អំណាចវិញ លោក ត្រាំ បានព្យាយាមជំរុញឱ្យមានការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែកិច្ចចរចាពីមុនៗមិនទទួលបានលទ្ធផលអ្វីជាដុំកំភួនឡើយ ហើយដំណើរការនេះក៏ត្រូវបានគេទុកមួយឡែកសិន ដោយសារតែការផ្តោតអារម្មណ៍ទៅលើជម្លោះរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ អឺរ៉ុប និងអ៊ុយក្រែន មានក្តីបារម្ភថា សហរដ្ឋអាម៉េរិកអាចនឹងបង្ខំឱ្យទីក្រុងគៀវ (Kyiv) ទទួលយកកិច្ចព្រមព្រៀងមួយ ដែលស្មើនឹងការចុះចាញ់ជាក់ស្តែង ខណៈដែលលោក ត្រាំ ហាក់ដូចជាកំពុងងាកមានទំនោលខ្លាំងទៅរកទីក្រុងមូស្គូនៅឆ្នាំនេះ។

បើតាមកាសែតដដែល ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បានសម្លាប់មនុស្សរាប់សែននាក់ ធ្វើឱ្យមនុស្សរាប់លាននាក់ត្រូវភៀសខ្លួនចេញពីលំនៅឋាន ហើយជម្លោះនេះបានអូសបន្លាយអស់រយៈពេល ៥៦ ខែមកហើយ ដោយទីក្រុងមូស្គូមិនបង្ហាញសញ្ញាណាមួយថានឹងដកថយឡើយ។ មុនពេលកិច្ចចរចានេះចាប់ផ្តើម លោក ត្រាំ បានបង្ហើបថា អ៊ុយក្រែនអាចនឹងត្រូវបោះបង់ទឹកដីមួយចំនួន ដោយលោកបាននិយាយថា៖ «ទីបំផុតទៅ អ៊ុយក្រែននឹងមានទម្រង់ទឹកដីខុសប្លែកពីមុនបន្តិច»៕

Khcct banner

អត្ថបទទាក់ទង