Khmer suport khmer cc time

ត្រាំ ថាថៅកែក្រុមហ៊ុន Nvidia មិនដឹងថានារីដែលខ្លួនទាក់ទងជាចារនារីរបស់ចិនឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nvidia លោក Jensen Huang និងភរិយាស្របច្បាប់របស់លោក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា លោកបាននិយាយទូរស័ព្ទផ្ទាល់ជាមួយនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nvidia លោក Jensen Huang កាលពីថ្ងៃចន្ទ ហើយលោក Huang បានបដិសេធថាមិនបានដឹងទាល់តែសោះថា ស្ត្រីដែលលោកមានទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍ជាមួយ គឺជាចារនារីឱ្យប្រទេសចិន។ ការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិក បានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន The New York Times បានរាយការណ៍ថា ទីភ្នាក់ងារចារកម្មសហរដ្ឋអាម៉េរិកបានតាមដានអ្នកស្រី Alice Huang ថ្នាក់ដឹកនាំក្រុមហ៊ុន Megaspeed International ដោយសង្ស័យថាជាភ្នាក់ងារចារកម្មឱ្យក្រសួងសន្តិសុខរដ្ឋចិន ដែលត្រូវគេជ្រើសរើសឱ្យប្រមូលព័ត៌មានសម្ងាត់អំពី CEO ក្រុមហ៊ុន Nvidia និងព្យាយាមជះឥទ្ធិពលឱ្យមានការបញ្ជូនបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដ៏ទំនើបទៅកាន់ប្រទេសចិន។

អ្នកស្រី Alice Huang ដែលជាប់សង្ស័យថាជាចារនារីរបស់ចិន 

លោក ត្រាំ បានបញ្ជាក់ថា លោកមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ដែលបានជំរុញឱ្យក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Nvidia ចាប់ផ្តើមធ្វើការស៊ើបអង្កេតដោយឯករាជ្យមួយ។ លោក ត្រាំ ថ្លែងថា៖ «ខ្ញុំបានសួរគាត់ថា 'តើលោកបានដឹងទេថា នាងគឺជាចារនារី?' គាត់ឆ្លើយថា 'ខ្ញុំមិនបានដឹងទេថា នាងគឺជាចារនារី' ហើយខ្ញុំពិតជាជឿគាត់»។ លោក ត្រាំ ក៏បានសម្តែងការអាណិតអាសូរដល់លោក Huang ផងដែរ ដោយលើកឡើងថា លោក Huang កំពុងរងទុក្ខលំបាកយ៉ាងខ្លាំង ដោយសារផលប៉ះពាល់ដល់ភរិយា និងគ្រួសាររបស់លោក ប៉ុន្តែលោកជឿជាក់ថា លោក Huang ជាមនុស្សមានកិត្តិយស និងសេចក្តីថ្លៃថ្នូរ ហើយនឹងអាចឆ្លងផុតវិបត្តិនេះដោយសុវត្ថិភាព៕

Khcct banner

អត្ថបទទាក់ទង