Khmer suport khmer cc time

មេដឹកនាំវៀតណាមលោក តូ ឡឹម និងគណៈប្រតិភូ១៥៦នាក់ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ភ្នំពេញ៖ អគ្គលេខាធិការបក្សកុំម្មុយនីស្ត និងជាប្រធានាធិបតីវៀតណាម លោក តូ ឡឹម នឹងដឹកនាំគណៈប្រតិភូប្រមាណ ១៥៦ នាក់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ។នេះបើយោងតាមការបញ្ជាក់ផ្លូវការពី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន។

លោក ប្រាក់ សុខុន បានឱ្យដឹងថា ក្នុងចំណោមរដ្ឋសមាជិក និងរដ្ឋសង្កេតការណ៍នៃអង្គការ LA Francophonie (OIF) ទាំង ៩០ មាន ៧៩ប្រទេសហើយបានបញ្ជាក់ពីការចូលរួម។ កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ នឹងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិជិត ១០០០នាក់ ព្រមទាំងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពី ២០ប្រទេស (មិនរាប់បញ្ចូលមន្ត្រីអមដំណើរកម្រិតផ្សេងទៀត) និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ១២០០នាក់ ដែលបានចុះឈ្មោះយកព័ត៌មាន។

វត្តមានរបស់លោក តូ ឡឹម នឹងគូសបញ្ជាក់កាន់តែច្បាស់អំពីការគាំទ្រយ៉ាងរឹងមាំរបស់វៀតណាម ចំពោះកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយនេះជាលើកដំបូង និងរឹតចំណងមិត្តភាពលក្ខណៈប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី២០ នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីសេចក្តីថ្លៃថ្នូរ ភាពរុងរឿងរួម និងចីរភាពយូរអង្វែង» ដោយមានការចូលរួមពីបណ្តាមេដឹកនាំ និងតំណាងជាន់ខ្ពស់នៃរដ្ឋសមាជិក ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ សន្តិភាព សេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព អប់រំ និងវប្បធម៌៕

Khcct banner

អត្ថបទទាក់ទង