Khmer suport khmer cc time

ចិន បដិសេធមិនមាន«ចារនារី»ចិន ពាក់ព័ន្ធជាមួយថៅកែក្រុមហ៊ុន Nvidia ឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun កាលពីថ្ងៃចន្ទ បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដែលថា ប្រទេសចិនបានបញ្ជូនបេសកជនសម្ងាត់ ឬចារនារី ទៅធ្វើសកម្មភាពស៊ើបការណ៍ ក្រោយសារព័ត៌មានអន្តរជាតិជាច្រើន បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia បានបើកការស៊ើបអង្កេតលើអគ្គនាយកប្រតិបត្តិ (CEO) របស់ខ្លួន គឺលោក Jensen Huang បន្ទាប់ពីលោកបានទទួលស្គាល់ថា មានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយស្ត្រីម្នាក់ ដែលមន្ត្រីអាម៉េរិកអះអាងថា ធ្វើការឱ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិន។

បើតាមលោក Guo Jiakun បានគូសបញ្ជាក់ថា៖ «ការចោទប្រកាន់ដែលថាមានចារកម្មចិន គឺជាការប្រឌិតឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយវាគ្មានអ្វីក្រៅពីអំពើមួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះប្រឆាំងនឹងប្រទេសចិននោះឡើយ»។

គួររម្លឹកថាក្រុមហ៊ុន Nvidia បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងស៊ើបអង្កេតថាតើលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន គឺជាគោលដៅនៃប្រតិបត្តិការចារកម្មបរទេសដែរឬទេ។ ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានមួយបានចោទប្រកាន់ថា លោកមានទំនាក់ទំនងជិតស្និទ្ធជាមួយស្ត្រីអ្នកជំនួញជនជាតិចិនម្នាក់ ដែលបានបញ្ជូនព័ត៌មានទៅកាន់ទីក្រុងប៉េកាំង។ នៅក្នុងសារមួយផ្ញើជូនបុគ្គលិក លោក Huang បានទទួលស្គាល់ថា លោកបានក្បត់ចិត្តភរិយារបស់ខ្លួន ហើយបានប្រកាសទទួលខុសត្រូវ "ទាំងស្រុង" ចំពោះទង្វើរបស់លោក។ ក្រុមហ៊ុន Nvidia បានបញ្ជាក់ថា នាយកប្រតិបត្តិរូបនេះនៅតែបន្តដឹកនាំក្រុមហ៊ុនដដែល ដោយមិនមានការរំខានឡើយ៕

Khcct banner

អត្ថបទទាក់ទង