សិង្ហបុរី៖ នាវាទេសចរណ៍កម្សាន្ត MV Odyssey ដែលទើបតែបានចាកចេញពីកម្ពុជា ត្រូវបានអាជ្ញាធរសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) ចាត់វិធានការ «ឃាត់ទុក» ជាផ្លូវការ កាលពីថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ស្របតាមដីការបស់តុលាការសិង្ហបុរី ក្រោយពេលក្រុមហ៊ុនប្រតិបត្តិករអាម៉េរិក Villa Vie Residences ជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរសមុទ្រសិង្ហបុរី កាលពីថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា នាវា Odyssey ត្រូវបានឃាត់ទុក និងកំពុងសំចតនៅតំបន់យុថ្ការបស់សិង្ហបុរី ដោយមានតែក្រុមនាវិកនៅលើនាវាប៉ុណ្ណោះ។ ចំពោះក្រុមនាវិកទាំងអស់ ត្រូវបានរាយការណ៍ថាមានសុវត្ថិភាពល្អ ហើយការផ្គត់ផ្គង់ និងសុខុមាលភាពរបស់ពួកគេ កំពុងត្រូវបានគ្រប់គ្រងដោយក្រុមម្ចាស់បំណុល ស្របពេលដែលនាវានេះអាចនឹងត្រូវដាក់ដេញថ្លៃនាពេលខាងមុខ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា កាលពីថ្ងៃ០៤វិច្ឆិកា បានឱ្យដឹងថា អ្នកដំណើរជិត ១០០នាក់ ក្នុងចំណោមអ្នកដំណើរដើមសរុប ២០៣នាក់ (ដែលភាគច្រើនជាជនជាតិអាម៉េរិក) នៅតែបន្តស្នាក់នៅក្នុងក្រុងព្រះសីហនុ ខណៈអ្នកដំណើរមួយចំនួនទៀត បានបន្តដំណើរទៅកម្សាន្តនៅតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា និងខ្លះទៀតបានចាកចេញទៅកាន់ប្រទេសផ្សេងទៀត។
គួរបញ្ជាក់ថា កាលពីចុងខែតុលាកន្លងទៅ នាវាទេសចរណ៍ Odyssey បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប៉ុន្តែអ្នកដំណើរប្រមាណ ២០០នាក់ ត្រូវបានបង្ខំឱ្យរៀបចំអីវ៉ាន់ និងចុះចេញពីនាវាក្នុងរយៈពេលត្រឹមតែ ៧ម៉ោង ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនប្រតិបត្តិករបានប្រកាសផ្អាកប្រតិបត្តិការជុំវិញពិភពលោកភ្លាមៗ ដោយសារការកើនឡើងថ្លៃប្រេងឥន្ធនៈ ពី ១,៨០០ដុល្លារ ដល់ជិត ៨,០០០ដុល្លារក្នុងមួយខែ ដែលបណ្តាលមកពីវិបត្តិសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ព្រមទាំងការរាំងស្ទះនាវានៅច្រកសមុទ្រ Hormuz។ នាវា Odyssey នេះ ត្រូវបានគ្រោងធ្វើដំណើររយៈពេល ៣ ឆ្នាំកន្លះ ដោយឆ្លងកាត់ប្រទេសចំនួន ១៥០។ អ្នកដំណើរមានជម្រើសក្នុងការទិញបន្ទប់ស្នាក់នៅផ្ទាល់ខ្លួន (ដែលអនុញ្ញាតឱ្យពួកគេស្នាក់នៅបន្តលើសពីរយៈពេលធ្វើដំណើរដំបូង) ការបង់ប្រាក់សម្រាប់ការស្នាក់នៅរយៈពេល ៥ ឆ្នាំ ឬការជួលបន្ទប់សម្រាប់ដំណើរកម្សាន្តរយៈពេលខ្លី។
យោងតាមគេហទំព័ររបស់ក្រុមហ៊ុន តម្លៃសម្រាប់ការស្នាក់នៅអចិន្ត្រៃយ៍នៅក្នុងបន្ទប់ទាំងនោះ មានចាប់ពី ១២០,០០០ ដុល្លារ (៨៩,២៧២ ផោន) រហូតដល់ ៤៤០,០០០ ដុល្លារ។ លើសពីនេះ បន្ទប់ទាំងនោះក៏អាចជួលបានក្នុងតម្លៃចាប់ពី ៣,៥០០ ដុល្លារក្នុងមួយខែ៕