Khmer suport khmer cc time

កេនយ៉ា កាត់ទោសគ្រូសាសនាជាប់«ពន្ធនាគារ» ២០០ ឆ្នាំ ដែលជំរុញឱ្យមនុស្សបង្អត់អាហារស្លាប់ ១៩១ នាក់ ក្រោមហេតុផលឆាប់បានទៅជួបព្រះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក Paul Mackenzie

កេនយ៉ា៖ តុលាការមួយនៅប្រទេសកេនយ៉ា បានកាត់ទោសលោក Paul Mackenzie ដែលជាមេដឹកនាំក្រុមជំនឿជ្រុលនិយមមួយ (ដែលជឿលើថ្ងៃបញ្ចប់ពិភពលោក) ឱ្យជាប់ពន្ធនាគាររយៈពេល ២០០ ឆ្នាំ ពីបទសម្លាប់មនុស្ស ១៩១ នាក់ ដោយក្នុងនោះមានកុមារទាំងអស់ រួមជាមួយមនុស្ស ២៨ នាក់ផ្សេងទៀត លោក Mackenzie ត្រូវបានរកឃើញថាមានពិរុទ្ធពីបទឃាតកម្ម ដោយសារបានណែនាំសមាជិកក្នុងក្រុមរបស់ខ្លួនឱ្យបង្អត់អាហារកូនៗរហូតដល់ស្លាប់ ដើម្បីឱ្យពួកគេអាច «ទៅជួបព្រះយេស៊ូវ»។

បើតាមចៅក្រម Diana Mochache បានថ្លែងថា លោក Mackenzie គឺជាអ្នកទទួលខុសត្រូវចម្បងចំពោះឧក្រិដ្ឋកម្មនេះ ដោយសារបានបញ្ជាឱ្យអ្នកដើរតាមរបស់គាត់តមអាហាររហូតដល់ស្លាប់។ចៅក្រមរូបនេះបានបន្ថែមថា៖ «ការកាត់ទោសនេះគឺសមស្រប និងយុត្តិធម៌ ដើម្បីផ្ញើសារយ៉ាងច្បាស់លាស់ថា អំពើឃោរឃៅបែបនេះ សមនឹងទទួលបានទោសទណ្ឌកម្រិតខ្ពស់បំផុតដែលច្បាប់បានកំណត់»។

តុលាការបានកាត់ទោសលោក Mackenzie ឱ្យជាប់ពន្ធនាគារ ១០០ ឆ្នាំ ពីបទមនុស្សឃាត និង ១០០ ឆ្នាំទៀត ពីបទល្មើសដែលពាក់ព័ន្ធនឹងការបង្អត់អាហារ។ទោសទាំងនេះនឹងត្រូវអនុវត្តដំណាលគ្នាសម្រាប់បទល្មើសនីមួយៗ ប៉ុន្តែទោសសម្រាប់ក្រុមបទល្មើសទាំងពីរប្រភេទនេះ នឹងត្រូវអនុវត្តបន្តបន្ទាប់គ្នា ដែលធ្វើឱ្យរយៈពេលជាប់ពន្ធនាគារសរុបរបស់គាត់មានចំនួន ២០០ ឆ្នាំ។ លោក Mackenzie ត្រូវបានកាត់ទោសរួមជាមួយបក្ខពួក ២៨ នាក់ផ្សេងទៀត រួមទាំងអ្នកយាមដែលអនុវត្តតាមបញ្ជាឱ្យបង្អត់អាហារ និងអ្នកជីកផ្នូរដែល ចៅក្រម Mochache បានពណ៌នាអំពីអំពើសម្លាប់ទាំងនេះថាជា "អំពើដ៏ឃោរឃៅ និងមានការរៀបចំទុកជាមុន" ដោយបញ្ជាក់ថា ជនល្មើសមិនបានបង្ហាញការសោកស្តាយអ្វីឡើយ ហើយថែមទាំងបានប្រកាសថា ពួកគេសុខចិត្តតមអាហាររហូតដល់ស្លាប់ខ្លួនឯងទៀតផង។

គួររម្លឹកថាគ្រូគង្វាលរូបនេះ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០២៣ បន្ទាប់ពីគេបានរកឃើញសាកសពជាង ៤០០ នាក់ នៅក្នុងផ្នូររាក់ៗក្នុងព្រៃ Shakahola ដោយជនរងគ្រោះភាគច្រើនស្លាប់ដោយសារការអត់ឃ្លាន ថប់ដង្ហើម ច្របាច់ក ហើយអ្នកខ្លះត្រូវគេវាយរហូតដល់ស្លាប់ប្រសិនបើប្រឆាំងនឹងបញ្ជា។ដើមឡើយ លោក Mackenzie បានបង្កើតអង្គការ Good News International Ministries ក្នុងឆ្នាំ ២០០៣ និងមានស្ថានីយទូរទស្សន៍ Times TV សម្រាប់ផ្សព្វផ្សាយទ្រឹស្តីប្រឆាំងការអប់រំ សេវាសុខាភិបាល និងប័ណ្ណសម្គាល់ខ្លួនឌីជីថល។ បន្ទាប់ពីព្រះវិហារត្រូវបានបិទនៅឆ្នាំ ២០១៩ គាត់បានដឹកនាំអ្នកដើរតាមទៅរស់នៅក្នុងព្រៃ Shakahola ដែលជំរុញឲ្យមនុស្សបង្អត់អាហារជឿថាឆាប់បានទៅជួបព្រះ៕

Khcct banner

អត្ថបទទាក់ទង