អាស៊ីបូព៌ា៖ ប្រជាជនរស់នៅតាមតំបន់ឆ្នេរក្នុងប្រទេសហ្វីលីពីន តៃវ៉ាន់ ចិន និងជប៉ុន កំពុងប្រឈមមុខនឹងស្ថានភាពអាកាសធាតុដ៏អាក្រក់ និងធ្ងន់ធ្ងរខុសពីធម្មតា។ រលកព្យុះដ៏ខ្លាំងក្លាដែលត្រូវបានជំរុញដោយបាតុភូតអាកាសធាតុ El Niño បានសម្លាប់មនុស្សរាប់សិបនាក់ បិទដំណើរការអាកាសយានដ្ឋានធំៗ និងបំផ្លាញដំណាំព្រមទាំងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើននៅទូទាំងតំបន់។ នៅក្នុងខែតុលា កោះតៃវ៉ាន់ស្ទើរតែទាំងមូលបានផ្អាកដំណើរការ ខណៈដែលព្យុះទីហ្វុង Champi ដែលមានកម្លាំងខ្លាំងស្មើនឹងព្យុះហឺរីខេនកម្រិតទី ៥ (ល្បឿនខ្យល់រហូតដល់ ២៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង) បានបោកបក់ក្បែរឆ្នេរសមុទ្រ ដោយបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង លុបចោលជើងហោះហើររាប់រយ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅជប៉ុន និងហ្វីលីពីន។
យោងតាមរបាយការណ៍របស់ BBC មហាសមុទ្រប៉ាស៊ីហ្វិក «ក្តៅខ្លាំង»មិនធ្លាប់មានសោះឡើយ ការិយាល័យឧតុនិយមចក្រភពអង់គ្លេសបានព្យាករណ៍ថា បាតុភូត El Niño ឆ្នាំនេះ គឺជាបាតុភូតដ៏ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំ ដែលធ្វើឱ្យសីតុណ្ហភាពផ្ទៃសមុទ្រនៅតំបន់អេក្វាទ័រនៃមហាសមុទ្រប៉ាស៊ីហ្វិកកើនឡើងខ្ពស់ជាងកម្រិតធម្មតាដល់ទៅ ៤ អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៤៩ មក។ មន្ត្រីអាកាសធាតុហ្វីលីពីនបានប្រៀបធៀបមហាសមុទ្រនេះទៅនឹងមនុស្សម្នាក់ដែលកំពុង «ក្តៅដូចមានគ្រុនក្តៅ» ដែលធ្វើឱ្យព្យុះទីហ្វុងកកើតនៅតំបន់ភាគខាងកើតឆ្ងាយជាងមុន និងមានកម្លាំងខ្លាំងក្លាជាងមុន។
ការសិក្សាស្រាវជ្រាវបង្ហាញថា សីតុណ្ហភាពកើនឡើងខ្ពស់នេះបានធ្វើឱ្យបរិមាណទឹកភ្លៀងសរុបកើនឡើងដល់ ២៦% ដែលបង្កើនហានិភ័យគ្រោះទឹកជំនន់យ៉ាងខ្លាំង ជាពិសេសនៅក្នុងប្រទេសហ្វីលីពីន ដែលជួបប្រទះព្យុះប្រហែល ២០ លើកក្នុងមួយឆ្នាំ។ ការត្រៀមលក្ខណៈទប់ទល់ និងកង្វល់រយៈពេលវែង បណ្តាប្រទេសនានាក្នុងតំបន់កំពុងបង្កើនវិធានការទប់ទល់ ដោយប្រទេសជប៉ុនជំរុញឱ្យប្រជាពលរដ្ឋស្តុកទុកស្បៀង ចិនធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព្រមាន និងហ្វីលីពីនគាំទ្រដល់កសិករដើម្បីការពារផលិតកម្មស្បៀង។
អង្គការអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានព្រមានថា ឱកាសសម្រាប់រដ្ឋាភិបាលក្នុងការចាត់វិធានការឆ្លើយតបកំពុងតែរឹតតែរួមតូចទៅៗ ដោយទាមទារឱ្យមានការគ្រប់គ្រងធនធាន និងការរៀបចំផែនការអភិវឌ្ឍន៍ឱ្យបានល្អប្រសើរជាងមុនដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុនាពេលអនាគត៕