Khmer suport khmer cc time

ចិន-វៀតណាម ប្តេជ្ញារួមគ្នាពង្រឹងការតភ្ជាប់ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងរក្សាស្ថិរភាពនៅសមុទ្រចិនខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បេកាំង៖ ថ្លែងក្នុងជំនួបពិភាក្សាទ្វេភាគី ក្នុងទីក្រុងបេកាំង កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្រកាសថា ប្រទេសចិន នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាម ដើម្បីជំរុញការតភ្ជាប់គ្រប់ជ្រុងជ្រោយ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស លើកកម្ពស់សម្រួលពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងស្រវ៉ាយកឱកាសពីឧស្សាហកម្មកំពុងលេចធ្លោថ្មីៗ។

នៅក្នុងជំនួបនោះ លោក វ៉ាង យី បានគូសបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេចក្នុងការចាប់ដៃជាមួយវៀតណាម ដើម្បីអនុវត្តកុងសង់ស៊ីសដែលសម្រេចបានដោយថ្នាក់ដឹកនាំកំពូលនៃបក្ស និងរដ្ឋនៃប្រទេសទាំងពីរ ពង្រឹងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងបង្កើនកិច្ចសម្របសម្រួលពហុភាគី លើវេទិកាតំបន់ដូចជា «កិច្ចសហប្រតិបត្តិការអាស៊ីខាងកើត» ជាដើម។

លោកបានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវដោះស្រាយបញ្ហាសមុទ្រដោយសមស្រប និងរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ព្រមទាំងគាំទ្រគ្នាទៅវិញទៅមក ក្នុងការរៀបចំកិច្ចប្រជុំកំពូល APEC ឱ្យទទួលបានជោគជ័យ។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃ «មហាសន្និបាតបក្សកុម្មុយនីស្តចិន» និងបានបញ្ជាក់ពីឆន្ទៈរបស់វៀតណាម ក្នុងការធ្វើការជាមួយចិន ដើម្បីជំរុញការស៊ីសង្វាក់គ្នានៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ៕

Khcct banner

អត្ថបទទាក់ទង