មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំកិច្ចចរចាសន្តិភាពត្រីភាគីជាមួយអ៊ុយក្រែន និងសហរដ្ឋអាម៉េរិក នៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីបេសកជនអាម៉េរិក លោក Steve Witkoff បានបញ្ជាក់ពីកិច្ចប្រជុំដែលនឹងផ្តោតលើការបញ្ចប់ជម្លោះ ការរៀបចំសន្តិសុខក្រោយជម្លោះ និងការកាត់បន្ថយភាពតានតឹង ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក៏បានបង្ហាញឆន្ទៈចូលរួមជាមួយគ្នាដែរ។
យោងតាមការចេញផ្សាយរបស់ CGTN កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនេះ កើតឡើងស្របពេលដែលមានកិច្ចប្រជុំអន្តរជាតិជាច្រើនទៀត ដោយសេតវិមានបានរៀបចំឱ្យស្រ្តីទីមួយនៃសហរដ្ឋអាម៉េរិក លោកស្រី Melania Trump ទទួលស្វាគមន៍តំណាងរុស្ស៊ី និងអ៊ុយក្រែននៅឯសេតវិមាននាថ្ងៃព្រហស្បតិ៍នេះ ហើយសហភាពអឺរ៉ុបក៏បានរៀបចំកិច្ចប្រជុំមួយនៅទីក្រុងព្រុចសែល (Brussels) កាលពីថ្ងៃពុធ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងអង្គការណាតូ (NATO)។
ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងខាងការទូតយ៉ាងណាក៏ដោយ ក៏ការប្រយុទ្ធគ្នានៅតែបន្តកើតមាន ដោយអភិបាលតំបន់ Yaroslavl Oblast របស់រុស្ស៊ី លោក Mikhail Yevrayev បានរាយការណ៍ថា អ៊ុយក្រែនបានបើកការវាយប្រហារដោយដ្រូនលើរោងចក្រចម្រាញ់ប្រេង Slavneft Yaroslavnefteorgsintez (YANOS) ក្នុងទីក្រុង Yaroslavl របស់រុស្ស៊ី កាលពីព្រឹកព្រលឹមថ្ងៃអង្គារ បណ្តាលឱ្យមានអគ្គិភ័យ និងបុគ្គលិកពីរនាក់រងរបួស ទោះបីជាប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ដ្រូនចំនួន ១២៤ គ្រឿងក៏ដោយ។ រហូតមកទល់ពេលនេះ ភាគីអ៊ុយក្រែននៅមិនទាន់មានការអត្ថាធិប្បាយណាមួយជុំវិញការវាយប្រហារនេះនៅឡើយទេ៕