ហ្សាកាតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី នា ថ្ងៃពុធ ទី០៤ ខែវិច្ឆិកានេះ បានប្រកាសថា អតីតអគ្គស្នងការនគរបាលជាតិ លោក Listyo Sigit Prabowo អាចនឹងប្រឈមមុខនឹងបទចោទប្រកាន់ពីបទ «ក្បត់ជាតិ» ជុំវិញការជាប់ពាក់ព័ន្ធនឹងអំពើលួចស្តាប់ទូរស័ព្ទរបស់ប្រធានាធិបតី លោក Prabowo Subianto និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត។
យោងតាមការចេញផ្សាយរបស់កាសែត CNA អតីតអគ្គស្នងការនគរបាល រូបនេះ ត្រូវបានបណ្តេញចេញពីតំណែងជាប្រធានខុទ្ទកាល័យប្រធានាធិបតី និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ជាមួយមន្ត្រីនគរបាលជាន់ខ្ពស់ ២ រូបផ្សេងទៀត ក្រោមការសង្ស័យថាបានលួចស៊ើបយកការណ៍លើប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប។
អ្នកនាំពាក្យប្រធានាធិបតី លោក Prasetyo Hadi បានថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងក្រុងហ្សាការតា ថា «សកម្មភាពក្បត់ជាតិ និងជាទង្វើបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ ផលប្រយោជន៍ជាតិ ព្រមទាំងសុវត្ថិភាពរបស់ប្រមុខដឹកនាំរដ្ឋ»។ យោងតាមក្រមព្រហ្មទណ្ឌនៃប្រទេសឥណ្ឌូណេស៊ី ទោសអតិបរមាសម្រាប់បទក្បត់ជាតិប្រឆាំងនឹងប្រធានាធិបតី គឺការផ្ដន្ទាទោសប្រហារជីវិតដោយការបាញ់ប្រហារ។
តាមប្រភពព័ត៌មាន ក្រៅពីប្រធានាធិបតី ក្រុមជនសង្ស័យក៏បានស្កាត់លួចស្តាប់ទូរស័ព្ទលើមន្ត្រីរដ្ឋាភិបាល អ្នកនយោបាយ អ្នកសារព័ត៌មាន តំណាងអង្គការមិនមែនរដ្ឋាភិបាល និងពាណិជ្ជករជាច្រើនរូបទៀត។ ព័ត៌មានបឋមពីប្រធានផ្នែកស៊ើបអង្កេតប្រឆាំងបទល្មើស បានឱ្យដឹងថា ប្រតិបត្តិការលួចស៊ើបយកការណ៍នេះ ត្រូវបានធ្វើឡើងដោយគ្មានមូលដ្ឋានផ្លូវច្បាប់ ឬគ្មានដីកាស៊ើបអង្កេតត្រឹមត្រូវឡើយ ដោយបានចាប់ផ្តើមតាំងពីឆ្នាំ២០២៥ មកម្ល៉េះ៕