Khmer suport khmer cc time

បក្សប្រជាធិបតេយ្យអាម៉េរិក ឈ្នះដាច់បក្សសាធារណរដ្ឋរបស់ត្រាំ នឹងឈានទៅដល់ការគ្រប់គ្រងសភាតំណាងរាស្ត្រអាម៉េរិកវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ យោងតាមការព្យាកររបស់បណ្តាញព័ត៌មាន CBS News បានបង្ហាញថា គណបក្សប្រជាធិបតេយ្យបានទទួលជ័យជម្នះដោយការឈ្នះអាសនៈគ្រប់គ្រាន់ដើម្បីដណ្តើមយកការគ្រប់គ្រងសភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិកវិញ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២៦ នេះ ដែលនឹងជួយទប់ស្កាត់ និងកាត់ផ្តាច់របៀបវារៈនីតិបញ្ញត្តិរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រាប់រយៈពេលពីរឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក។

យោងតាមលទ្ធផលឆ្នោតគិតត្រឹមព្រឹកថ្ងៃទី ៤ វិច្ឆិកា នេះលទ្ធផលនៃការបោះឆ្នោតនេះបានកើតឡើងចំពេលដែលការពេញចិត្តរបស់អ្នកបោះឆ្នោតចំពោះលោក ត្រាំ បានធ្លាក់ចុះមកនៅត្រឹម ៣៨% ដែលជាកម្រិតទាបបំផុតសម្រាប់ប្រធានាធិបតីក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយអ្នកបោះឆ្នោតប្រហែល ៦០% កង្វល់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋជុំវិញបញ្ហាសេដ្ឋកិច្ច តម្លៃនៃការរស់នៅ ប៉ះពាល់ពីសង្គ្រាមអ៊ីរ៉ង់ និងគោលនយោបាយពន្ធរបស់លោក ត្រាំ ដែលជំរុញឱ្យការចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់ បានក្លាយជាកាតាលីករដ៏សំខាន់ដែលធ្វើឱ្យគណបក្សសាធារណរដ្ឋបាត់បង់សំឡេងភាគច្រើន។

ទោះបីជាវិសាលភាពជាក់លាក់នៃសំឡេងភាគច្រើនរបស់គណបក្សប្រជាធិបតេយ្យមិនទាន់កំណត់ច្បាស់លាស់ ដោយសារការរាប់សន្លឹកឆ្នោតក្នុងតំបន់ប្រណាំងប្រជែងមួយចំនួននៅបន្តដំណើរការក៏ដោយ ប៉ុន្តែគណបក្សប្រជាធិបតេយ្យបានដណ្តើមកាន់កាប់អាសនៈសំខាន់ៗពីគណបក្សសាធារណរដ្ឋ រួមទាំងការឈ្នះនៅក្នុងស្រុកមួយនៃរដ្ឋ North Carolina ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋជាង ១៥ ឆ្នាំមកហើយ។ លើសពីនេះ នៅក្នុងរដ្ឋ Colorado លោកស្រី Melat Kiros បានបង្កើតប្រវត្តិសាស្ត្រក្លាយជាស្ត្រីមកពីជំនាន់ Gen Z ដំបូងគេដែលត្រូវបានជ្រើសរើសចូលក្នុងសភា។

គួររម្លឹកថានៅក្នុងប្រព័ន្ធនយោបាយ និងប្រជាធិបតេយ្យរបស់សហរដ្ឋអាម៉េរិក ការបោះឆ្នោតពាក់កណ្តាលអាណត្តិ គឺជាព្រឹត្តិការណ៍នយោបាយដ៏ធំ និងមានឥទ្ធិពលបំផុតមួយ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងជារៀងរាល់ ៤ ឆ្នាំម្តង នៅចំពាក់កណ្តាលនៃអាណត្តិដឹកនាំ ៤ ឆ្នាំរបស់ប្រធានាធិបតី ពោលគឺ ២ ឆ្នាំបន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ ទោះបីជាការបោះឆ្នោតនេះមិនមានការជ្រើសរើសប្រធានាធិបតីថ្មីដោយផ្ទាល់ក៏ដោយ ប៉ុន្តែវាជាការប្រកួតប្រជែងដើម្បីគ្រប់គ្រងអំណាចនីតិបញ្ញត្តិ និងក្បាលម៉ាស៊ីនដឹកនាំថ្នាក់រដ្ឋនៅទូទាំងប្រទេស។

នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ម្ចាស់ឆ្នោតអាម៉េរិកត្រូវសម្រេចចិត្តលើកៅអីតំណាងរាស្ត្រ និងតំណែងដឹកនាំសំខាន់ៗជាច្រើន។ កៅអីទាំងអស់ទាំង ៤៣៥ នៅក្នុងសភាតំណាងរាស្ត្រត្រូវផ្លាស់ប្តូរ ឬជ្រើសរើសឡើងវិញ សម្រាប់អាណត្តិ ២ ឆ្នាំ។ ជាមួយគ្នានេះដែរ ផ្នែកមួយភាគបីនៃកៅអីសរុបនៅក្នុងព្រឹទ្ធសភា ឬប្រហែល ៣៤ ទៅ ៣៥ កៅអី ក៏ត្រូវដាក់ឱ្យបោះឆ្នោតជ្រើសរើសថ្មី សម្រាប់អាណត្តិ ៦ ឆ្នាំ។ បន្ថែមពីលើសភាជាតិ អភិបាលរដ្ឋភាគច្រើននៅក្នុងរដ្ឋចំនួន ៣៦ ព្រមទាំងមន្ត្រីថ្នាក់រដ្ឋជាច្រើនរូបទៀត ក៏ត្រូវបោះឆ្នោតជ្រើសរើសក្នុងពេលជាមួយគ្នានេះដែរ។

ការបោះឆ្នោតពាក់កណ្តាលអាណត្តិត្រូវបានគេប្រៀបប្រដូចទៅនឹងការធ្វើតេស្តប្រជាប្រិយភាព ឬការវាយតម្លៃសមត្ថភាពដឹកនាំរយៈពេល ២ ឆ្នាំដំបូងរបស់ប្រធានាធិបតី និងគណបក្សកាន់អំណាច។ ប្រធានាធិបតីត្រូវការសំឡេងភាគច្រើននៅក្នុងសភាទាំងពីរ ដើម្បីអនុម័តច្បាប់ ថវិកជាតិ និងគោលនយោបាយសំខាន់ៗ។ ប្រសិនបើគណបក្សប្រឆាំងឈ្នះបានសំឡេងភាគច្រើននៅក្នុងសភា នោះរបៀបវារៈ និងគោលនយោបាយរបស់ប្រធានាធិបតីនឹងត្រូវរាំងស្ទះ ឬលំបាកក្នុងការអនុម័ត៕

Khcct banner

អត្ថបទទាក់ទង