Khmer suport khmer cc time

វៀតណាម ដកច្បាប់ដែលអនុញ្ញាតឱ្យក្មេងអាយុចន្លោះ ១៥-១៧ ឆ្នាំបរិច្ចាគសរីរាង្គក្រោយមរណភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហាណូយ៖ នៅក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភាវៀតណាម កាលពីរសៀលថ្ងៃចន្ទ តំណាងរាស្ត្រជាច្រើនរូប បានជម្រុញឱ្យមានការបន្ថែមវិធានការផ្លូវច្បាប់ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីការសុំកូនចិញ្ចឹម (កែសម្រួល) ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ច និងការពារកុមារពីអំពើជួញដូរមនុស្ស ព្រមទាំងការជួញដូរសរីរាង្គ។ ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលវៀតណាម ទើបតែបានសម្រេចដកចេញវិញនូវមាត្រាច្បាប់ចុងក្រោយ ដែលធ្លាប់ស្នើអនុញ្ញាតឱ្យកុមារអាយុពី ១៥ ដល់ ១៧ ឆ្នាំ អាចចុះឈ្មោះបរិច្ចាគសរីរាង្គក្រោយមរណភាព បន្ទាប់ពីរងការរិះគន់ យ៉ាងខ្លាំងពីសាធារណជន។

ថ្លែងទៅកាន់អង្គសភា លោក Nguyen Vu Trung តំណាងរាស្ត្រមណ្ឌលក្រុងហូជីមិញ បានស្នើឱ្យហាមឃាត់ដាច់ខាតលើការកេងប្រវ័ញ្ចនីតិវិធីសុំកូនចិញ្ចឹម ដើម្បីជួញដូរ កេងប្រវ័ញ្ច ឬវះកាត់ដកហូតយកសរីរាង្គកុមារ ដោយសង្កត់ធ្ងន់ថា ការសុំកូនចិញ្ចឹមមិនត្រូវក្លាយជាផ្លូវឬឱកាសសម្រាប់បទល្មើសឡើយ។ លោកក៏បានស្នើហាមឃាត់បុគ្គលធ្លាប់មានទោសទណ្ឌជួញដូរមនុស្ស ឬសរីរាង្គ មិនឱ្យសុំកូនចិញ្ចឹម និងបានជំរុញឱ្យអាជ្ញាធរវៀតណាម វាយតម្លៃប្រវត្តិកុមារឱ្យបានល្អិតល្អន់ ព្រមទាំងផ្តល់អាទិភាពដល់គ្រួសារចិញ្ចឹមក្នុងស្រុកតាមអនុសញ្ញាក្រុងឡាអេ មុនអនុញ្ញាតឱ្យសុំទៅបរទេស។

ក្នុងកិច្ចប្រជុំដដែល តំណាងរាស្ត្រមណ្ឌលខេត្ត Lam Dong និង An Giang បានស្នើឱ្យរក្សាទុកឯកសារសុំកូនចិញ្ចឹមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកុមារអាចស្វែងរកប្រភពដើមនៅពេលធំឡើង និងពិនិត្យលក្ខណៈសម្បត្តិអាណាព្យាបាលឱ្យបានម៉ឺងម៉ាត់បំផុត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ០២ ខែវិច្ឆិកា រដ្ឋាភិបាលវៀតណាមបានសម្រេចដកចេញនូវបទប្បញ្ញត្តិដែលធ្លាប់ស្នើអនុញ្ញាតឱ្យអនីតិជនអាយុ ១៥ ដល់ ១៧ ឆ្នាំ បរិច្ចាគសរីរាង្គក្រោយមរណភាព បន្ទាប់ពីរងការរិះគន់យ៉ាងខ្លាំងពីសាធារណជន និងសមាជិករដ្ឋសភា ដោយកំណត់ឡើងវិញថា មានតែបុគ្គលអាយុចាប់ពី ១៨ ឆ្នាំឡើងទៅប៉ុណ្ណោះ ទើបមានសិទ្ធិចុះឈ្មោះបរិច្ចាគសរីរាង្គ៕

Khcct banner

អត្ថបទទាក់ទង