វ៉ាស៊ីនតោន៖ រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក (FDA) បានសម្រេចអនុម័តជាបណ្តោះអាសន្នលើថ្នាំចាក់ការពារមេរោគអេដស៍ប្រភេទហ្សេនណេរិក (Generic) ឈ្មោះ lenacapavir ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Dr. Reddy’s Laboratories ក្នុងប្រទេសឥណ្ឌា ក្រោមការសម្របសម្រួលពីអង្គការសុខភាពសកលនានា។ ថ្នាំចាក់នេះត្រូវតម្រូវឱ្យចាក់ត្រឹមតែ ២ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ និងត្រូវបានគេរំពឹងនឹងដាក់លក់ក្នុងតម្លៃប្រហែល ៤០ ដុល្លារក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់ នៅក្នុងប្រទេសចំនួន ១២០ ដែលមានចំណូលទាប និងមធ្យម។
យោងតាមការចេញផ្សាយរបស់ BBC ការអនុម័តនេះត្រូវបានចាត់ទុកថាជារបកគំហើញដ៏សំខាន់មួយ ដើម្បីជួយឱ្យប្រជាជនប្រមាណ ២០ លាននាក់ដែលត្រូវការថ្នាំបង្ការមុនការប៉ះពាល់មេរោគអេដស៍ (PrEP) អាចទទួលបានការការពារយ៉ាងមានប្រសិទ្ធភាព។ លោកស្រី Carmen Pérez Casas ប្រធានផ្នែកមេរោគអេដស៍នៅអង្គការ Unitaid បានលើកឡើងថា មនុស្សមិនតែងតែលេបថ្នាំការពារជារៀងរាល់ថ្ងៃនោះទេ ហើយប្រសិនបើមិនលេបថ្នាំ ពួកគេក៏មិនអាចទទួលបានការការពារឡើយ ដូច្នេះហើយទើបថ្នាំ lenacapavir ផ្តល់នូវក្តីសង្ឃឹមកាន់តែខ្លាំង។
បើតាមលោកស្រី Carolyn Amole ប្រធានកម្មវិធីមេរោគអេដស៍នៅអង្គការ Clinton Health Access Initiative បានបញ្ជាក់ថា ជាមួយនឹងថ្នាំប្រភេទហ្សេនណេរិកដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យនេះ ពិភពលោកអាចពង្រីកការប្រើប្រាស់ទៅដល់មនុស្ស ២០ លាននាក់ និងចាប់ផ្តើមបញ្ចប់ការរាតត្បាតនៃមេរោគអេដស៍បាន។
ចំណែកលោកស្រី Saiqa Mullick នាយកផ្នែកវិទ្យាសាស្ត្រនៃការអនុវត្តនៅវិទ្យាស្ថាន Wits RHI បានពន្យល់ថា អ្នកប្រើប្រាស់តម្រូវឱ្យធ្វើតេស្តរកមេរោគអេដស៍ជាមុនសិន មុននឹងចាប់ផ្តើមប្រើប្រាស់ថ្នាំ និងរាល់ពេលចាក់ថ្នាំ ដើម្បីជៀសវាងបញ្ហាមេរោគស៊ាំនឹងថ្នាំ។
គួររម្លឹកថាថ្នាំ lenacapavir ដើមដែលផលិតដោយក្រុមហ៊ុន Gilead Sciences ក្រោមឈ្មោះពាណិជ្ជកម្ម Sunlenca នៅតែស្ថិតក្រោមការការពារសិទ្ធិប៉ាតង់ក្នុងសហរដ្ឋអាម៉េរិកក្នុងតម្លៃ ២៨.២១៨ ម៉ឺន ដុល្លារក្នុងមួយឆ្នាំ ហេតុនេះថ្នាំប្រភេទហ្សេនណេរិកនេះមិនអាចដាក់លក់ក្នុងសហរដ្ឋអាម៉េរិកបានឡើយ ប៉ុន្តែវាត្រូវបានអនុម័តដើម្បីផ្គត់ផ្គង់ដល់ប្រទេសដែលមានចំណូលទាប និងមធ្យមប៉ុណ្ណោះ៕