បាងកក៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក អាឌុល ប៊ុនធំចារើន (Adul Boonthumjaroen) បានទូរស័ព្ទដោយផ្ទាល់ ទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពមីយ៉ាន់ម៉ា ព្រមទាំងបានអញ្ជើញអនុព័ន្ធយោធាស្តីទីមីយ៉ាន់ម៉ា មកទទួលជ្រាបពីក្តីបារម្ភរបស់ភាគីថៃ ជុំវិញការប្រយុទ្ធគ្នានៅតាមព្រំដែន ដែលបានប៉ះពាល់ដល់ប្រជាពលរដ្ឋថៃ។ ខណៈលោកក៏កំពុងតាមដានការប្រែប្រួលនៃបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជា។
ថ្លែងប្រាប់កាសែត The Nation លោក អាឌុល បានបញ្ជាក់ថា ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា គឺជាជម្លោះផ្ទៃក្នុងរវាងយោធា និងក្រុមជនជាតិដើមភាគតិច ប៉ុន្តែអាជ្ញាធរខេត្ត និងបញ្ជាការដ្ឋានយោធភូមិភាគទី ៣ របស់ថៃ បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីតាំងសុវត្ថិភាព ផ្អែកលើការវាយតម្លៃសន្តិសុខជាក់ស្តែង។
ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា ក្រោយពីបានចុះពិនិត្យស្ថានភាពផ្ទាល់នៅតំបន់ក្បែរប្រាសាទតាមាន់ធំរបស់កម្ពុជា រដ្ឋមន្ត្រីការពារជាតិថៃ បានគូសបញ្ជាក់ថា បញ្ហាព្រំដែនជាមួយកម្ពុជា នៅមិនទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយទេ ដោយជំនួបពិភាក្សាកម្រិតខ្ពស់រវាងរដ្ឋាភិបាល ឬក្រសួងការពារជាតិ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពឱ្យគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) នៃប្រទេសទាំងពីរ ពិភាក្សាគ្នានៅកម្រិតបច្ចេកទេស និងកម្រិតយោធាយ៉ាងល្អិតល្អន់ជាមុនសិន។
ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍អំពីការប៉ះទង្គិចគ្នានៅចំណុចភ្នំ ៦៤២ ស្ថិតនៅលើជួរភ្នំដងរែក ជាតំបន់ព្រំដែនជម្លោះកម្ពុជា-ថៃ លោក អាឌុល បានលើកឡើងថា កងកម្លាំង Suranaree និងបញ្ជាការដ្ឋានយោធភូមិភាគទី ២ របស់ថៃ បានអនុវត្តតាមវិធានការប្រយុទ្ធ ដោយបានធ្វើការចរចា និងបាញ់កាំភ្លើងព្រមានជាជំហានដំបូង។ លោកបានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានជជែកយោគយល់គ្នា ហើយកងទ័ពថៃនៅតែបន្តត្រៀមខ្លួនជានិច្ច និងគ្រប់គ្រងស្ថានការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងករណីស្ថានការណ៍មានការប្រែប្រួល៕