ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានគូសបញ្ជាក់ថាតំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ មិនគួរក្លាយជាទីលានសម្រាប់ការប្រកួតប្រជែងរវាងមហាអំណាច និងជម្លោះភូមិសាស្ត្រនយោបាយនោះឡើយ។ លោកបានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នេះ ទាមទារឱ្យមានការថែរក្សា និងការពាររួមគ្នាពីគ្រប់ភាគីទាំងអស់ ដោយប្រទេសចិនមានឆន្ទៈពង្រឹងការទំនាក់ទំនងជាមួយបណ្តាប្រទេសអារ៉ាប់ រួមទាំងសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដើម្បីរួមចំណែកផ្តល់ប្រាជ្ញា និងដំណោះស្រាយក្នុងការស្តារសន្តិភាព និងសន្តិសុខដ៏យូរអង្វែង។នេះបើយោងតាមការលើកឡើងរបស់លោក ស៊ី ជិនពីង នៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយស៊ុលតង់នៃប្រទេសអូម៉ង់ លោក ហៃថាម ប៊ីន តារិក អាល់-សៃដ (Haitham bin Tariq al-Said) កាលពីថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ។
នាយករដ្ឋមន្រ្តីអូម៉ង់លោកហៃថាម ប៊ីន តារិក អាល់-សៃដ បានលើកឡើងថា ប្រទេសអូម៉ង់បើកចំហចំពោះការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីដែលមានលក្ខណៈអនុគ្រោះជាមួយប្រទេសចិន។ លោកបន្តថា ៖ «យើងជឿជាក់ថា កិច្ចព្រមព្រៀងបែបនេះនឹងបើកផ្លូវថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងជួយសម្រួល និងពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសយើងទាំងពីរ»។
គួររម្លឹកថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអូម៉ង់ ដោយទំនាក់ទំនងផ្នែកទេសចរណ៍ និងធុរកិច្ចត្រូវបានជំរុញឱ្យកាន់តែខ្លាំងឡើងតាមរយៈជើងហោះហើរត្រង់រវាងទីក្រុងប៉េកាំង និងទីក្រុងម៉ូស្កាត (Muscat) ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក៕