តូក្យូ៖ តារា Streamer ដ៏ល្បីឈ្មោះម្នាក់ឈ្មោះ Lacy ត្រូវបានអ្នកគាំទ្រលេងសើចជ្រុលហួសហេតុ ដោយបានលួចកុម្ម៉ង់អាហារជំនួស មានតម្លៃជាង ជាង ១ម៉ឺនដុល្លារក្នុងអំឡុងពេលគាត់កំពុងផ្សាយផ្ទាល់ (Livestream) ញ៉ាំអាហារជាមួយមិត្តស្រី នៅក្នុងភោជនីយដ្ឋាន Zauo Shibuya នាទីក្រុងតូក្យូ ប្រទេសជប៉ុន បន្ទាប់ពីចៃដន្យទម្លាយ QR Code សម្រាប់បញ្ជាទិញអាហារ ទៅកាន់អ្នកតាមដានជាង ៣.៥ លាននាក់។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo News ភ្លាមៗនោះ ទស្សនិកជនមួយចំនួនបានយក QR Code នោះទៅបញ្ជាទិញអាហារពីចម្ងាយយ៉ាងច្រើនសន្ធឹកសន្ធាប់។ លោក Lacy បានអះអាងក្នុងវីដេអូថា រូបគេត្រូវបង្ខំចិត្តបង់ប្រាក់សរុបប្រមាណ ១២,០០០ ដុល្លារអាម៉េរិក (ប្រហែល ១.៦ លានយ៉េន) លើមុខម្ហូបដែលខ្លួនមិនបានបញ្ជាទិញ និងបានស្នើឱ្យខាងហាងយកអាហារទាំងនោះទៅចែកជូនអតិថិជនផ្សេងទៀត ព្រោះអាហារមានចំនួនច្រើនហូហៀរខ្លាំង។
ជាការឆ្លើយតប ខាងភោជនីយដ្ឋាន Zauo Shibuya បានចេញមុខបដិសេធការអះអាងរបស់ Lacy ដោយបញ្ជាក់ថា ថ្វីបើមានការកុម្ម៉ង់លេងសើចសរុបជិត ១.៩៦ លានយ៉េនមែន ប៉ុន្តែខាងហាងបានត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន និង គិតប្រាក់តែលើមុខម្ហូបដែល Lacy និងមិត្តស្រីបានញ៉ាំជាក់ស្តែងប៉ុណ្ណោះ ខណៈចុងភៅក៏មិនបានចម្អិនអាហារដែលកុម្ម៉ង់ខុសទាំងនោះដែរ។
ហេតុការណ៍នេះបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងលើទង្វើលេងសើចួសហេតុរបស់អ្នកគាំទ្ររបស់តារាល្បីរូបនេះ ដែលបានបង្កផលរំខាន ដល់អាជីវកម្ម ព្រមទាំងបុគ្គលិកភោជនីយដ្ឋាន៕